រឿងអាស្រូវក្នុងសហព័ន្ធកីឡាបាល់ទាត់ កើតចេញពីការកិបកេងថវិកាជិត៦ម៉ឺនដុល្លារ

06-05-2020 4:52 pm 1011

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាFFC នៅល្ងាចថ្ងៃទី៦ ខែឧសភានេះ បានរៀបចំសន្និសីទកាសែត ដើម្បីបញ្ជាក់អំពីការវិធានការទៅលើអតីតមន្ត្រី និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ចំនួន៤រូប ដែលបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ សន្និសីទកាសែតនេះ ធ្វើឡើងក្រោមវត្តមានលោកកែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។

បើតាមលោកកែវ សារ៉េត គឺអតីតមន្ត្រី និងមន្ត្រីសហព័ន្ធកីឡាកបាល់ទាត់ទាំង៤រូប ដែលត្រូវបានព្យួរសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតនោះ ដោយសារពួកគេពាក់ព័ន្ធនឹងការកិបកេងថវិកាប្រមាណជា៣០ភាគ រយដែលបានពីការរៀបចំការការប្រកួតកីឡាក្នុងព្រឹត្តិការណ៍Tiger Street Football។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បានបញ្ជាក់បន្ថែម ថា ចំពោះថវិកាដែលត្រូវបានកិបកេងនោះ គឺមានប្រ មាណជិត៦ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថាFFC នៅថ្ងៃទី៦ ខែឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញការប្រព្រឹត្តកំហុសធ្ងន់ធ្ងររបស់អតីតមន្ត្រី និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ចំនួន៤រូ ប។

អតីតមន្ត្រីនិងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ទាំង៤រូបនោះ រួមមាន៖លោកម៉ៃ តុលា, លោកទុយ វិច្ឆិកា, លោកឆាំង ពិសិដ្ឋ និងលោកគល់ សុភារម្យ។ ចំពោះកំហុសឆ្គងនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ចេញវិធានការដូចជា៖ ចំពោះលោកម៉ៃ តុលា,លោកទុយ វិច្ឆិកា,លោកឆាំង ពិសិដ្ឋ,និងលោកគល់ សុភារម្យ ត្រូវបានព្យួរសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ ចំពោះលោកម៉ៃ តុលាដែលគេដឹងថាជាអតីតអគ្គលេខាធិរងនៃសហព័ន្ធកីឡាបាល់ទាត់ ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់របស់កម្ពុជា៕ ដោយ៖ឃួន សុភ័ក្រ 

 ពាក្យគន្លឹះ  សហព័ន្ធកីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត