​សិក្សា​តាម​អន​ឡាញ​ ខ្លះ​គាំទ្រ ខ្លះ​ទៀត​មិន​គាំទ្រ​

06-05-2020 4:52 pm 269

​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ពី​ជំងឺ​កូវី​ដ​១៩ ក្រសួង​អប់រំ​បាន​បន្ត​ពន្យារ​ការ​ចូល​រៀន​វិញ​ក្រោយ​វិស្សមកាល​តូច ។​ដោយ​មើលឃើញ​បែបនេះហើយ​ទើប​ក្រសួង​អប់រំ បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន រៀបចំ​ផលិត​និង​ផ្សព្វផ្សាយ​កម្មវិធី​«​ការសិក្សា​ពី​ចម្ងាយ​»​និង​«​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​»​ដើម្បី​ជា​ជំនួយ​ដល់​សិស្សានុសិស្ស​ទាំងអស់​នៅ​ថ្នាក់​មត្តេយ្យសិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​ឯកជន​។ 

​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា និង​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំង​ប្រទេស អាច​ទស្សនា​វីដេអូ​នៃ​ការបង្រៀន នៅ​លើ​ប្រព័ន្ធ​ទូរទស្សន៍​ដូចជា​៖​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​២ ទទ​ក​២ ឬ​TVK2 ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍ ទើប តែ​បង្កើត​ថ្មី សម្រាប់​បម្រើ​ដល់​ការផ្សព្វផ្សាយ​អប់រំ​,​ទូរទស្សន៍​ផ្កាយរណប​តេជោ​ឌី​ធី​វី ប៉ុស្តិ៍​លេខ ២២ , ទូរទស្សន៍​ខ្សែកាប​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ដែល​មាន​ចំនួន ៥៥​ប៉ុស្តិ៍​ថ្មី ដែល​ផ្សាយ​បន្ត ពី​ទូរទស្សន៍ ជាតិ​កម្ពុជា​ទទ​ក​២ ឬ​TVK2 ។​

​ទាក់ទង​ទៅ​នឹង​កម្មវិធីសិក្សា​«​ការសិក្សា​ពី​ចម្ងាយ​»​និង​«​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​»​នេះ​ដែរ​លោកស្រី អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា​ថា​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​ប៉ះពាល់​ច្រើន​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ព្រោះ​លោក​ស្រី​យល់ថា នៅពេល​រៀន​ផ្ទាល់​សិស្ស​មួយចំនួន​មិន​បាន​យកចិត្តទុកដាក់​ផង ហើយ​ទម្រាំ​តែ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ទៀត តើ​សិស្ស​ប៉ុន្មាន​ភាគរយ​ដែល​បាន​សិក្សា និង​ប៉ុន្មាន​ភាគរយ​ទៀត ដែល​គ្មាន​ឧបករណ៍​និង​សម្ភារៈប្រើប្រាស់​ក្នុងការសិក្សា។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នេះដែរ លោករ​ស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាមរយៈ​តេ​លេក្រា​មនៅ​ថ្ងៃទី​៦ ខែ​ឧសភា​នេះ​ដែរ​ថា ជាទូទៅ មាតាបិតា សិស្សានុសិស្ស និង​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ការស្វាគមន៍ និង​គាំទ្រ​សេវា​សិក្សា​ពី​ចម្ងាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​ជាមួយ​នឹង​ការផ្សាយ​តាម​រយ​:​ទូ​រ ទស្សន៍ ទទ​ក​២ ដែល​អាច​បន្តឲ្យមាន​ការរៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង ២៥​រាជធានី ខេត្ត ក្នុង​ឱកាស​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ជា​ការកត់សម្គាល់​ក្រៅពី​ការលើកឡើង​របស់​លោក​ស្រី​អ៊ុក ឆាយ៉ា​វី​ខាងលើនេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ក៏​បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា អោយ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ឡើងវិញ​ផងដែរ ព្រោះ​យល់ថា រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ ក្រសួង​សុខាភិបាល​រក​មិនឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះ​ទេ ។​

​ចំពោះ​ការស្នើសុំ​បើក​ដំណើរការ​សាលារៀន​គ្រប់​កម្រិត​ឡើងវិញ​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ដដែល ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា គិត​ត្រឹម​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២០​នេះ លិខិត​លេខ​២២ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ស្តីពី​ការពន្យា​ពេល​នៃ​ការ​ចូល​រៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​នៅ​ទូទាំង​ប្រទេស គឺ​នៅតែ​មាន​សុពលភាព​សម្រាប់​ការអនុវត្ត​ដដែល ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការចាក់ផ្សាយ​វីដេអូ​នៅ​លើ​ប្រព័ន្ធ​ទូរ​ទេស្សន៍​ខាងលើ នឹង​ប្រព្រឹត្តទៅ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨:00​នាទី​ព្រឹក ដល់​ម៉ោង​២៤:00​នាទី​យប់ ជា​ការចាក់ផ្សាយ​វីដេអូ​នៃ​ការបង្រៀន​ជាប្រចាំ ហើយ​ម៉ោង​២៤:00​នាទី​យប់​ដល់​ម៉ោង​៨:00​ព្រឹក ជា​ការចាក់ផ្សាយ​ឡើងវិញ​៕

 


 ពាក្យគន្លឹះ  សិក្សាតាមអនឡាញ

ព័ត៌មានផ្សេងទៀត