ចិន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វាយប្រហារ​ប្រមុខ​ការទូត​អាមេរិក​រឿងកូ​វីដ​១៩

06-05-2020 3:20 pm 461

​នៅ​ដើម​សប្តាហ៍​នេះ ការ​សែត​Global Times បាន​ចោទប្រកាន់​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មរិក ពី​ទ្រឹស្តី​ដែល​មិន​សម​ហេតុផល​និង​គ្មាន​ការពិត ចំពោះ​ការទទូច​ម្តង​ហើយ​ម្តង​ទៀតថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍ នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។ នៅក្នុង​បទ​វិចារណកថា​ចុះផ្សាយ​ដោយ​កាសែត Global Times​ថា តាមរយៈ​ការនិយាយ​កុហក​ខុសពី​ការពិត​នេះ លោក Pompeo មាន​គោលបំណង​សម្លាប់សត្វ​ពីរ​ក្បាល​ដោយ​ប្រើ​ដុំថ្ម​តែមួយ​។ ទីមួយ ដើម្បី​ជួយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ឲ្យទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ថ្មី ដែល​គ្រោង​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ខាងមុខ និង​ទី​ពី​រលោក Pompeo​ស្អប់ សង្គមនិយម​ចិន ហើយ​ជាពិសេស មិនអាច​ទទួលយក​ភាព​លេចធ្លោ​របស់​ចិន​បាន​។ 

Global Times​មិនមែនជា​មធ្យោបាយ​តែមួយ ដែល​ចិន​ប្រើ​វាយប្រហា​របក​ទៅ​លោក Pompeo ឬ​អាមេរិក​នោះទេ នៅក្នុង​នោះ​កាសែត​មួយទៀត គឺ​People's Daily​ថា លោក Pompeo មិនមាន​ភស្តុតាង​មក​គាំទ្រ​ការចោទប្រកាន់​របស់ខ្លួន​ឡើយ ខណៈ  CCTV បណ្តាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​រដ្ឋ​និង​លេចធ្លោ​នៅ​ចិនដីគោក ចោទ​អ្នកនយោបាយ​អាមេរិក ពីបទ​ធ្វើ​ផែនការ​សម្ងាត់​ដោយ​មិន​ត្រឹមត្រូវ​។ យ៉ាងណា​មកទល់ពេលនេះ រដ្ឋាភិបាល​ចិន​មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ ទៅ​លោក Mike Pompeo ដែល​ចិន​ចោទថា​បាន​ដើរ​និយាយ​មិនល្អ​ពី​ចិន​ឡើយ​។ ប៉ុន្តែ​បទ​វិចារណ​កថា ដែល​ចុះផ្សាយ​ដោយ​កាសែត​Global Times ជាទូទៅ ច្រើនតែ​ឆ្លុះបញ្ចាំង​ពី​ទស្សន​យល់ឃើញ​របស់​រដ្ឋាភិបាល​ចិន​។ 

​បទ​វិចារណកថា​នេះ កើតឡើង​ក្រោយ​លោក Pompeo ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាមេរិក ABC នៅ​ថ្ងៃអាទិត្យ ដោយ​អះអាងថា មាន​ភស្តុតាង​យ៉ាង​សម្បើម​ណាស់ ដែល​បង្ហាញថា វីរុស​កូរ៉ូណា មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​វិសា​ណូ​សាស្ដ្រ​នៅ​ទីក្រុង​វូ​ហាន​។ លោក​ថែមទាំង​ថា ចិន​មាន​ប្រវត្ត​ចម្លងរោគ​ទៅកាន់​ពិភពលោក​រួចមកហើយ និង​ក៏មាន​ប្រវិត្ត​បើក​ដំណើរការ​មន្ទីរ​សោធន៍​ដោយមាន​ស្តង់ដា​ទាប​ផងដែរ​។  យោងទៅតាម​ការចុះផ្សាយ​ដោយ​ការ​សែ​ត Washington Post កាលពី​សប្តាហ៍​មុន ថា​មន្ត្រី​អាមេរិក​ធ្លាប់​បានបង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​មន្ទីរពិសោធន៍​នោះ បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​នៅក្នុង​ឆ្នាំ​២០១៨​។ មានការ​លើកឡើងថា មេរោគ​ដែល​គេ​ប្រមូល​មក​សិក្សា​ក្នុង​មន្ទីរពិសោធន៍ អាច​លេច​ធ្លាយ​ចេញមក​ខាងក្រៅ ដោយសារតែ​ការធ្វេសប្រហែស របស់​បុគ្គលិក​ហាត់​ការ​។​

​សម្រាប់​អ្នកជំនាញ​នៅ​អង្គការ​សុខភាព​ពិភពលោក​វិញ ថា មកទល់ពេលនេះ​មិន​បានទទួល​ទិន្នន័យ​ឬ​ភស្តុតាង​ជាក់លាក់​ណាមួយ ពី​សហរដ្ឋអាមេរិក​អំ​ពី​ប្រភពដើម​នៃ​វីរុស​នេះ​ទេ​។ លោក Michael Ryan ប្រធាន​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះបន្ទាន់ នៃ​អង្គការ​សុខភាព​ពិភពលោក មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា ដូច្នេះ​រឿង​ដែលថា​វីរុស​កូរ៉ូណា មាន​ប្រភពពី​ក្នុង​មន្ទីរពិសោធន៍​ទីក្រុង​វូ​ហាន នៅតែ​ជា​ការប៉ាន់ស្មាន​ដោយ​គ្មាន​ភស្តុតាង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ចិន​ អាមេរិកលោកMikePompeo

ព័ត៌មានផ្សេងទៀត