លោកសម រង្ស៊ីផ្ញើសាររំលែកទុក្ខជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន

06-05-2020 10:50 am 1165
លោកសមរង្ស៊ី អតីតប្រធានបក្សប្រឆាំង

លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនៅឯប្រទេសបារាំងនោះ បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្ដេចប៊ុនរ៉ានី ចំពោះមរណភាពរបស់ឧបាសិកាប៊ុន ស៊ាងលី។

ក្នុងសាររំលែកទុក្ខនេះលោកសម រង្ស៊ី បានសរសេរ ថា”ខ្ញុំសូមរួមមរណទុក្ខជាមួយសម្ដេច និងក្រុមគ្រួសារ បន្ទាប់ពីបានទទួលដំណឹង ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនាប៊ុន ស៊ាងលី ជាម្ដាយក្មេកសម្ដេចបានទទួលអនិច្ចកម្ម កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ”។ អតីតមេបក្សប្រឆាំងរូបនេះ បានរៀបរាប់បន្ត ថា”ទោះជាគោលជំហរនយោបាយរបស់យើងម្នាក់ៗ ខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្ដាលមកពីមរណភាព មនុស្សដែលយើងស្រលាញ់ អាចកើតមានដូចគ្នាគ្រប់ពេលវេលា”។ 

ជាមួយគ្នានេះលោកសម រង្ស៊ី បានរំលឹកថា រូបលោកមិនភ្លេចនោះទេ កាលពីម្ដាយក្មេករបស់លោក គឺលោកស្រីញឹកជូឡុង មាសកេតសមភ័ត្រទទួលអនិច្ចកម្មកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលពេលនោះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានទូរស័ព្ទទៅភរិយារបស់លោក នៅរាជធានីភ្នំពេញដើម្បីចូលរួមមរណទុក្ខ ហើយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានឲ្យលោកហ៊ុន ម៉ានីដែលជាកូនប្រុសទៅចូលរួមពិធីបុណ្យ សពម្ដាយក្មេករបស់លោកថែមទៀត។

លោកថា ទោះជាកាលៈទេសៈនយោបាយពេលនោះ មិនបានអនុញ្ញាតឲ្យរូបលោកចូលរួមពិធីបុណ្យសពម្ដាយក្មេករបស់លោក ដែលលោកចាត់ទុកដូចជាម្ដាយបង្កើតយ៉ាងណាក៏ដោយ ក៏លោកសម រង្ស៊ី មិនភ្លេចពីកាយវិការដ៏ប្រពៃរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន និងក្រុមគ្រួសារ ចំពោះរូបលោក និងក្រុមគ្រួសារ៕ ដោយៈឃួន សុភ័ក្រ

ព័ត៌មានផ្សេងទៀត