បើ​មាស​​សុទ្ធ​មិន​ខ្លាច​​ភ្លើង​​ចិន​គួរ​ពន្យល់​​ឲ្យ​អាមេរិក​​ភ្លឺភ្នែក​​ករណី​កូវី​ដ​-១៩

05-05-2020 4:18 pm 409

​ការស្ដីបន្ទោស​ដាក់គ្នារ​វាង​អាមេរិក​និង​ចិន​បាន​ផ្ទុះឡើង​ជាថ្មី ក្នុង​ចន្លោះពេល​រាតត្បាត​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ នោះ​គឺ​អាមេរិក​ចោទថា​ចិន​ជា​ប្រភព ជា​អ្នក​ធ្វើឲ្យ​លេច​ធ្លាយ​វីរុស​កូវី​ដ​-១៩​។ តែ​ចិន​ថា​អាមេរិក​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ហេតុផល និយាយ​តាមតែ​ចិត្ដ​នឹកឃើញ និង​ចង់​បង្កហេតុ​ជាមួយ​ខ្លួន​។ ពេលនេះ​នៅ​ពុំទាន់​រកឃើញ​ច្បាស់លាស់​នោះទេ​ថាកូ​វីដ​-១៩​ចេញ​មកពីណា ប៉ុន្ដែ​យ៉ាងណាមិញ​ក៏​មានការ​លើកឡើងថា ចិន​គួរតែ​ចេញមុខ​បកស្រាយ​ឲ្យ​អាមេរិក​ភ្លឺ​ភ្នែក ប្រសិនបើ​ខ្លួន​គ្មាន​កំហុស​មែន​។​

​វីរុស​កូវី​ដ​-១៩​មកពី​ពាក្យ​ថា​Coronavirus disease 2019(COVID-19) ជា​វីរុស​ឆ្លង​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម ផ្ទុះឡើង​ដំបូង​នៅក្នុង​ខែធ្នូ​ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន​។ អា​ការៈសង្ស័យថា​ឆ្លង​វីរុស​នេះ​គឺ​ក្រុនក្ដៅ ក្អក​ស្ងួត មិនសូវ​ឃ្លាន​អាហារ អស់កម្លាំង ពិបាក​ដកដង្ហើម ឈឺ​សាច់ដុំ​ជាដើម​។ វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន តាមរយៈ​ដំណក់​ទឹកតូចៗ​ខ្ទាត​ចេញ​នៅពេល​កណ្ដាស់ ក្អក និយាយ ឬ​ដកដង្ហើម​។ ដំណក់ទឹក​ដែលមាន​ផ្ទុក​វីរុស​នឹង​ទៅ​បង្កើតឲ្យមាន​ការឆ្លង​ថ្មី នៅពេល​ស្រូបយក​ដោយ​មនុស្ស​ជិតស្និទ្ធ​ក្នុង​ចម្ងាយ​ចន្លោះ​ពី​១​ទៅ​២​ម៉ែត្រ​។ តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​កន្លងមក វីរុស​កូវី​ដ​-១៩​ក៏​អាច​រស់នៅ​លើ​វត្ថុ​ផ្សេងៗ​ទៀត​បាន ដូច្នេះហើយ​ទើប​មាន​ការណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល ហើយ​ក៏ត្រូវ​សម្អាត​របស់របរ​ផ្សេងៗ​ផងដែរ​មុននឹង​ប្រើប្រាស់​។ 

​ទាក់ទង​នឹង​ការវិវត្ដ​នៃ​រោគសញ្ញា​អាច​កើតមានឡើង​ចន្លោះពេល​៥​ឬ​៦​ថ្ងៃក្រោយ​ឆ្លង ប៉ុន្ដែ​ក៏​អាចមាន​រហូតដល់​១៤​ថ្ងៃ​ផងដែរ ដូច្នេះហើយ​ទើប​អ្នក​ដែល​សង្ស័យថា​បាន​ឆ្លង​ត្រូវដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក​១៤​ថ្ងៃ​។ មនុស្ស​ចាស់​វ័យ​៦០​ឆ្នាំ​ឡើង​និង​អ្នកមាន​ជំងឺ​ប្រចាំកាយ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ការស្លាប់​បន្ទាប់ពី​ឆ្លង​វីរុស​កូវី​ដ​-១៩​។ ចំពោះ​អត្រា​មរណភាព​ក្រោយ​ឆ្លង​មិនទាន់មាន​ការ​គណនា​ត្រឹមត្រូវ​ទេ តែ​តាម​ការបញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) កូវី​ដ​-១៨​មាន​អត្រា​ស្លាប់​ប្រហែល​ជិត​៣​ភាគរយ​ប៉ុណ្ណោះ​។ បុរស​ប្រឈម​នឹង​ការស្លាប់​ខ្ពស់ជាង​ស្ដ្រី នេះ​បើតាម​ការស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​និង​អ៊ីតាលី​។ 

​ក្រោយ​ផ្ទុះឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន វីរុស​ដែល​ពុំទាន់​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​ការពារ​មួយ​នេះ បាន​ចម្លង​យ៉ាង​ឆាប់រហ័ស​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ហើយ​បច្ចុប្បន្ន​បាន​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​ទៅហើយ​។ គិតពី​មនុស្ស​ស្លាប់​ដោយសារកូ​វីដ​-១៩​ពេលនេះ​មាន​ប្រមាណ​២៥​ម៉ឺន​នាក់ និង​ឆ្លង​ហក់​ដល់​ជាង​៣,៦០០,០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។ ក្រៅពី​មាន​អ្នក​ឆ្លង​និង​ស្លាប់​ក៏មាន​អ្នកជំងឺ​ប្រមាណ​ជាង​១​លាន​នាក់​បាន​ជាសះស្បើយ​ឡើងវិញ​ដែរ​។ នេះ​បើតាម​របាយការណ៍​របស់​គេហទំព័រ​Worldometer​។​

​សហរដ្ឋអាមេរិក​មាន​មនុស្ស​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ គឺ​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ប្រមាណ​៧​ម៉ឺន​នាក់​។ ព្រោះតែ​ក្លាយជា​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដូច្នេះ រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​ចង្អុលមុខ​ចិន​ថា​ជា​ដើមហេតុ​ធ្វើឲ្យ​លេច​ធ្លាយ​វីរុស​កូវី​ដ​-១៩​។ ក្នុងន័យនេះ​អាមេរិក​ចង់​សំដៅលើ​ការ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន ជា​មន្ទីរពិសោធន៍​ស្រាវជ្រាវ​ពី​វីរុស​រាប់ពាន់​ប្រភេទ​។ ការ​លេច​ធ្លាយ​អាមេរិក​មិនដឹងថា​ដោយ​ចៃដន្យ​ឬ​យ៉ាងណា​នោះទេ ប៉ុន្ដែ​ទាំង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ទាំង​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ សុទ្ធតែ​អះអាង​និង​ទន្ទេញ​ដដែលៗ​ថា​ខ្លួន​មាន​ភស្ដុតាង កូវី​ដ​-១៩​ពិតជា​មាន​ប្រភពពី​មន្ទីរពិសោធន៍​ក្នុង​ក្រុង​វូ​ហាន​មែន តែ​មិន​ប្រាប់​ឲ្យដឹងថា​ជា​ភស្ដុតាង​អ្វី​ឡើយ​។ 

​អាមេរិក​ឯកភាព​នឹង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ស៊ើបអង្កេត​អាមេរិក​ដែលថា កូវី​ដ​-១៩​មិនមែន​មនុស្ស​ជា​អ្នកបង្កើត តែ​ទោះជា​យ៉ាងនេះ​អាមេរិក​មិន​ដក​គោលជំហរ​ថា​វា​មាន​ប្រភពពី​មន្ទីរពិសោធន៍​នោះទេ​។ រដ្ឋបាល​របស់លោក​ត្រាំ​ក៏ន្ទោ​សចិន​មិន​សំចៃមាត់ លើ​ការគ្រប់គ្រង​ការឆ្លង​រាត្បា​ត​ទៅកាន់​ពិភពលោក ដោយ​ការមិនបិទ​ជើងយន្ដហោះ​ឲ្យទាន់ពេល ការបញ្ជាក់​ពី​តួលេខ​មិន​ច្បាស់លាស់​នៃ​ករណី​ឆ្លង​និង​ស្លាប់ ធ្វើឲ្យ​អាមេរិ​កកត់សម្គាល់​កាន់តែខ្លាំ​ង​ថា​ជា​ចេតនា​មួយ​របស់​ចិន​។ លោក​ត្រាំ​ក៏ន្ទោ​សដល់​អង្គការ​សុខភាព​ពិភពលោ​កទៀត ថា​លម្អៀង​ទៅរក​ចិន​និង​ថ្មីៗ​នេះ​អាមេរិក​សម្រេច​ផ្អាក​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​មួយ​នេះ​ទៀត​។ លោក​ប្រធានាធិបតី​ត្រាំ​ថា​ពេលនេះ​ក្រុម​ស៊ើបអង្កេត​អាមេរិក កំពុង​បន្ដការងារ​ដើម្បី​រកឲ្យឃើញ​មូលហេតុ​។​

​និយាយ​បន្ដិច​ពី​អ្នកវិទ្យាសាស្ដ្រ​ជឿជាក់ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​អាចមាន​ប្រភព​មកពី​សត្វ​រួច​ក៏​ចម្លង​ទៅ​មនុស្ស បន្ទាប់ពី​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​។ លទ្ធភាព​ដែលមាន​ភាគរយ​ខ្ពស់បំផុត​គឺ​ចេញពី​ផ្សារ​លក់​សត្វព្រៃ​នៅក្នុង​ទីក្រុង​វូ​ហាន​។ ប៉ុន្ដែ​អ្វី​គ្រប់យ៉ាង​នៅតែ​ពុំទាន់​ច្បាស់ការ ខណៈដែល​ពេលនេះ​អ្នកវិទ្យាសាស្ដ្រ​កំពុង​សិក្សា​លើ​មូលដ្ឋាន​ពីរ​សំខាន់ គឺ​សិក្សា​ពី​ប្រភព​របស់កូ​វីដ​-១៩​ផង និង​សិក្សា​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ការពារ​ផង​។ 

​យើង​ចាប់អារម្មណ៍​ប្រទេស​ចិន​ដែល​កំពុង​ត្រូវបាន​អាមេរិក​សំពង​មិន​ប្រណី​មាត់​នោះ ក៏​មិន​នៅ​ស្ងៀម​ឲ្យ​រដ្ឋបា​លលោក​ត្រាំ​ចោទប្រកាន់​តាម​អំពើ​ចិត្ដ​ឡើយ ហើយ​ការដាក់បន្ទុក​ពី​អាមេរិក​ទាំង​អម្បាលម៉ាន​ត្រូវ​ចិន​ច្រានចោល​ទាំងអស់​។ ករណី​ដែលថា​វីរុស​កូវី​ដ​-១៩​លេច​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្នុង​ក្រុង​វូ​ហាន លោក​Yuan Zhiming នាយក​មន្ទីរពិសោធន៍​P4 នៃ​វិទ្យាស្ថាន​Virology​ក្នុង​ក្រុង​វូ​ហាន និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ថា គ្មាន​លទ្ធភាព​ណាមួយ​ដែលថា​វីរុស​កូវី​ដ​-១៩​ចេញពី​មន្ទីរពិសោធន៍​របស់លោក​ឡើយ​។ នោះ​គឺជា​មន្ទីរពិសោធន៍​ដែលមាន​សុវត្ថិភាព​បំផុត ហើយ​ក្រុម​ស្រាវជ្រាវ​ក៏​ដឹង​ច្បាស់​ពី​ការសិក្សា​ពី​មេរោគ​ផ្សេងៗ និង​ដឹង​ច្បាស់​ពី​វិធីសាស្ដ្រ​គ្រប់គ្រង​សំណាក​និង​វីរុស​ដែរ​។ ដូច្នេះ​ទោះបីជា​មន្ទីរពិសោធន៍​មាន​ទុក​វីរុស​នេះ​មែន ក៏​គ្មាន​លទ្ធភាព​នៃ​ការ​បែកធ្លាយ​ដាច់ខាត វា​ពិតជា​មិន​អាចទៅរួច​។​

​កន្លងមក​សារព័ត៌មាន​Washington Post និង Fox News​របស់​អាមេរិក បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​លើកឡើង​ពី​ក្ដីបារម្ភ​ថា កូវី​ដ​-១៩​អាច​ចេញ​មកពី​មន្ទីរពិសោធន៍​ដោយ​ចៃ​ច​ន្យ​។ ប៉ុន្ដែ​ករណីនេះ​ក៏ត្រូវ​ចិន​ច្រានចោល និង​ចាត់ទុកជា​ការចុះផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ សម្រាប់​អ្នកវិទ្យាសាស្ដ្រ​ចិន​បាន​និយាយថា វីរុស​នេះ​ក៏​ទំនងជា​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅក្នុង​ផ្សារ​លក់​សត្វព្រៃ​។ 

​សរុបមក​ចន្លោះពេល​ម្ខាង​ប្រកាន់​ម្ខាង​ប្រកែក​ដូច្នេះ វិធីសាស្ដ្រ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ចិន​គួរតែ​ឆ្លៀតឱកាស​ណាមួយ​ចេញមុខ​បកស្រាយ​ជា​សាធារណៈ​។ ការបកស្រាយ​គឺ​តាមរយៈ​ការទាញយក​ទឡ្ហីករណ៍​ដែល​អាច​ទុកចិត្ដ​បាននិង​ដែល​ខ្លួន​មាន មក​បញ្ជាក់ឲ្យ​ពិភពលោក​ទាំងមូល​ពិសេស​ឲ្យ​សហរដ្ឋអាមេរិក​បាន​ភ្លឺភ្នែក ព្រោះ​ពេលនេះ​ចិន​ក៏​កំពុង​ស្រាវជ្រាវ​ពី​ប្រភព ហើយក៏​ឈានទៅ​បង្កើតបាន​វ៉ាក់សាំង​កំពុង​ធ្វើតេស្ដ​ក្នុងដំណាក់កាល​ទី​ពីរ​ទៅទៀត អ៊ីចឹង​ទេ​ពិតជា​មាន​ភស្ដុតាង​ប្រាប់​ឲ្យគេ​យល់បាន​។ ប្រសិន​មិន​បានធ្វើ​ខុស​ចិន​ក៏​គួរ​អនុញ្ញាតឲ្យ​អាមេរិក​បើ​កការស៊ើបអង្កេត​តាម​លទ្ធភាព ដោយមាន​ការចូលរួម​ពី​ភាគី​ទាំងពីរ​អាមេរិក​-​ចិន និង​តំណាង​របស់​ស្ថាប័ន​អន្ដរជាតិ​ណាមួយ​ដែល​ពាក់ព័ន្ធ​និង​ទុកចិត្ដបាន តួយ៉ាង​មាន​អង្គការ​សុខភាព​ពិភពលោក​ជាដើម​។ ចិន​គួរតែ​ចេញមុខ​តតាំង​សម​ដូច​ពាក្យ​ថា​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​។ ផ្ទុយទៅវិញ​ប្រសិន​ចិន​មិន​ចេញមុខ​ពន្យល់​ឲ្យ​ច្បាស់​ទេ នោះ​អាមេរិក​នឹង​នៅតែ​បន្ដ​ចាប់​ចំណុច​ចោទប្រកាន់ ចុងក្រោយ​ធ្វើឲ្យ​ខាតបង់​ទាំងសងខាង​ខណៈ​មហាអំណាច​ទាំងពីរ​កំពុង​មើលមុខ​គ្នា​មិន​ត្រង់​ស្រាប់​ផង​។ 

​បើ​និយាយ​ពី​កិច្ចសហការ​រវាង​អាមេរិក​ជាមួយ​ប្រទេស​ចិន ក៏​រឹតតែ​សំខាន់​ទៅទៀត​ក្នុង​ចន្លោះ​ពេលនេះ​។ អាមេរិក​-​ចិន​គួរតែ​បញ្ចប់​ការស្ដីបន្ទោស​គ្នា បើ​ចង់​ស្ដារ​ស្ថានការណ៍​កំពុង​យ៉ាប់យ៉ឺន​។ មិនអាច​ប្រកែក​បាន​មែន​ថា​ការ​អន់ចិត្ដ​ឬ​រង្កៀសចិត្ដ​បានកើតឡើ​ង​ទៅវិញទៅមក ប៉ុន្ដែ​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក ត្រូវតែ​គិតពី​ប្រយោជន៍​រួម ប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល ដែល​សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​វិបត្ដិកូ​វីដ​-១៩​។ អាមេរិក​-​ចិន​គួរតែ​ចាប់ដៃ​បង្កើនល្បឿន​ផលិត​វ៉ាក់​សម្រាប់​ប្រើប្រាស់​ឲ្យបាន​មុនកំណត់​ទើប​ជា​ការល្អ ជា​គំរូ​ល្អ ល្អ​ជាង​បញ្ឈេះ​ភ្លើងកំហឹង​បើ​ដឹងថា​មិនអាច​ខ្វះ​គ្នា​បាន​ទៅហើយ​ទោះ​មាន​ជម្លោះ​រាប់មិនអស់​កន្លងមក​៕ 

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត