ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ម្នាក់​បន្ថែមទៀត ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​២,៩៨៨​នាក់​

05-05-2020 3:54 pm 226
អ្នកលក់ឆ្នោតជាតិរបស់ថៃនាំគ្នាតវ៉ាដើម្បីលក់ឆ្នោតក្នុងតូបរបស់ពួកគេវិញ

​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃ​អង្គារ៍​នេះ បានបញ្ជាក់​ថា​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​ម្នាក់​បន្ថែមទៀត​នាំឲ្យ​ចំនួន​អ្នកឆ្លង​សរុប​បាន​កើន​ដល់ ២,៩៨៨​នាក់ និង​អ្នកស្លាប់​សរុប​ថេរ​នៅ ៥៤​នាក់​ដដែល​។ នេះ​បើ​យោង​ទៅតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​ថៃ បានឲ្យដឹងថា អ្នកជំងឺ​ម្នាក់​ដែល​ទើបនឹង​ឆ្លង​ថ្មី​នេះ ជា​បុរស​ជនជាតិ អាយុ​៤៥​ឆ្នាំ រស់នៅ​ជាយ​ព្រំប្រទល់​នៃ​ខេត្ត​ណា​រ៉ាត់​ធី​វ៉ាត់​។ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់បន្ថែម​ថា បុរស​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​នេះ​មាន​អា​ការៈក្អក គ្រុន​ក្ដៅ ហៀរ​សំបោរ ឈឺ​បំពង​ក និង​ពិបាក​ដកដង្ហើម កាលពី​ថ្ងៃ​ទី​២៥​ខែ​មេសា លុះ​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​ម្សិលមិញ បុរស​រូបនេះ​បាន​ទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​តែម្ដង​។ ចំពោះ​មូលហេតុ​នៃ​ការឆ្លង​របស់​បុរស​នេះដែរ ដោយសារ​តែ​បុរស​នេះ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​ក្រៅប្រទេស​។​

​យ៉ាងណាមិញ​លោក​Taweesilp Visanuyothin ក៏​បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​ថៃ​ថា ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​មនុស្សម្នា​កុះករ បើ​ទោះបីជា​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ក៏ដោយ​។​

​សូមជម្រាបថា​មកទល់ពេលនេះ​ក្រៅពី​តួលេខ​អ្នកស្លាប់ និង​ឆ្លង​វីរុស​កូវី​ដ​-១៩ ក៏​មាន​អ្នកជំងឺ​ចំនួន ២,៧៤៧​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​នេះ​រួចហើយ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១៨៧​នាក់​៕

ព័ត៌មានផ្សេងទៀត