អាមេរិក​​បន្ដ​ចង្អុល​​ដាក់​ចិន​ថា​​ជា​ប្រភព​​នៃ​វីរុស​កូវី​ដ​-១៩

04-05-2020 5:29 pm 954
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​នៅ​មិនទាន់​បញ្ចប់​នោះទេ​ការចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​ទៅលើ​ប្រទេស​ចិន ថា​ជា​ប្រភព​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ជាថ្មី​ម្ដងទៀត​បន្ថែម​លើ​លោក​ដូណាល់ ត្រាំ​ដែល​ធ្លាប់​អះអាង​រួចមកហើយ​ថា លោក​មាន​ភស្ដុតាង​បញ្ជាក់កូ​វីដ​-១៩​មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន ពេលនេះ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ​ចេញមុខ​អះអាង​ដូចគ្នា​ទៀត​។ 

​លោក​ផុម​ភី​អូ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា តាមរយៈ​ភស្ដុតាង​សំខាន់ៗ​ដែល​ទទួលបាន បង្ហាញ​យ៉ាងច្បាស់​វីរុស​កូវី​ដ​-១៩​មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន​របស់​ចិន​មែន​។ ប៉ុន្ដែ​លោក​មិនបាន​និយាយ​លម្អិត​ភស្ដុតាង​អ្វី​ហើយ​ទទួលបាន​ពី​ណា​នោះទេ ស្របពេល​ប្រទេស​ចិន​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ពី​សំណាក់​សហរដ្ឋអាមេរិក​។ តាមរយៈ​សម្ដី​លោក​ផុម​ភី​អូ​ឲ្យដឹងថា លោក​ឯកភាព​នឹង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ស៊ើបអង្កេត​អាមេរិក​ត្រង់​ថា​វីរុស​នេះ​មិនមែន​មនុស្ស​ជា​អ្នកបង្កើត ប៉ុន្ដែ​លោក​នៅ​ប្រកាន់​ជំហរ​ជឿជាក់ថា​វា​មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។ 

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​រូបនេះ​បាន​គូសបញ្ជាក់​ថែមថា ចិន​មាន​ប្រវត្ដិ​ចម្លងជំងឺ​ទៅកាន់​ពិភពលោក ហើយ​ចិន​ក៏បាន​និង​កំពុងដំណើរកា​រ​មន្ទីរពិសោធន៍​យ៉ាងច្រើន​គ្មាន​ស្ដង់ដា​។ លោក​ផុម​ភី​អូ​សង្កត់ធ្ងន់ថា ដំបូង​ឡើយ​ចិន​ព្យាយាម​បន្ថយ​ចំនួន​ករណី​តាមរយៈ​ការឲ្យ​តួលេខ​ខុស ដែល​បញ្ហា​នេះ​ពិតជា​បង្កើត​ហានិភ័យ​យ៉ាង​ធំ​។ លោក​ថា​លោក​ប្រធានាធិបតី​ត្រាំ​បានបញ្ជាក់​ហើយ អាមេរិក​នឹង​រក​ដើមហេតុ​ឲ្យឃើញ​ហើយរក​អ្នកមកទទួលខុសត្រូ​វ​។​

​និយាយ​ពី​អ្នកវិទ្យាសាស្ដ្រ​វិញ​ជឿជាក់ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​អាចមាន​ប្រភព​មកពី​សត្វ​រួច​ក៏​ចម្លង​ទៅ​មនុស្ស បន្ទាប់ពី​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​។ លទ្ធភាព​ដែលមាន​ភាគរយ​ខ្ពស់បំផុត​គឺ​ចេញពី​ផ្សារ​លក់​សត្វព្រៃ​នៅក្នុង​ទីក្រុង​វូ​ហាន​។ ប៉ុន្ដែ​អ្វី​គ្រប់យ៉ាង​នៅតែ​ពុំទាន់​ច្បាស់ការ ខណៈពេល​នេះ​អ្នកវិទ្យាសាស្ដ្រ​កំពុង​សិក្សា​លើ​មូលដ្ឋាន​ពីរ​សំខាន់ គឺ​សិក្សា​ពី​ប្រភព​របស់កូ​វីដ​-១៩​ផង និង​សិក្សា​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ការពារ​ផង​។​

​ចាប់អារម្មណ៍​ពី​ស្ថានភាព​ទូទៅ​នៅក្នុង​ពិភពលោក វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បានសម្លាប់​មនុស្ស​ជិត​២៥​ម៉ឺន​នាក់​ហើយ និង​ឆ្លង​ជាង​៣​លាន​៥​សែន​នាក់​។ ប៉ុន្ដែ​ទន្ទឹមគ្នា​បណ្ដា​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​ធ្ងន់ធ្ងរ​ពេលនេះ​បាន​ធូរស្បើយ​ជា​បន្ដបន្ទាប់ ហើយក៏​គ្រោង​នឹង​ចាប់ផ្ដើម​បើកទ្វារ​ក្រុង ទ្វារ​ប្រទេស​ឡើងវិញ​ខ្លះៗ​ដែរ ក្រោយ​បិទ​អំឡុងពេល​ផ្ទុះ​ការឆ្លង​រាលដាល​ខ្លាំង​។ តួយ៉ាង​នៅ​រដ្ឋ​និង​ទីក្រុង​មួយចំនួន​របស់​អាមេរិក​នឹង​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតបន្ដឹង​។ នៅ​អឺរ៉ុប​ក៏​រៀបចំ​ក្នុង​ការបន្ធូរបន្ថយ​ការ​រឹតបន្ដឹង​ដូចគ្នា​។ ជាក់ស្ដែង​អ៊ីតាលី​ជា​ប្រទេស​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​អាមេរិក និង​អនុញ្ញាតឲ្យ​ពលរដ្ឋ​ចេញ​ទៅ​លំហែ​តាម​សួន​និង​សួរសុខទុក្ខ​សាច់ញាតិ​ឆាប់ៗ​នេះ​។ នៅ​អាល្លឺម៉ង់ នៅ​អង់គ្លេស​ក៏​សុទ្ធតែ​ត្រៀម​ក្នុង​ការបន្ធូរបន្ថយ​ការ​រឹតបន្ដឹង ប៉ុន្ដែ​ប្រទេស​ទាំងអស់​បន្ដ​គ្រប់គ្រង​និង​តាមដាន​ស្ថានការណ៍​គ្រប់ពេលវេលា​។​

​និយាយ​ពី​តំបន់​អាស៊ី​ប្រទេស​ចិន​បានប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិត​មុនគេ គឺ​នៅក្នុង​ទីក្រុង​វូ​ហាន​ក្រោយ​ករណី​ឆ្លង​និង​ស្លាប់​ថយចុះ​គួរឲ្យកត់សម្គាល់​។ នៅ​កូរ៉េខាងត្បូង​ក៏បាន​បញ្ជាក់ថា​នឹង​ដកចេញ​ខ្លះ​ការ​រឹតបន្ដឹង​លើ​ការប្រមូលផ្ដុំ ការរៀបចំ​ព្រឹត្ដិការណ៍ ខណៈ​ប្រទេស​ថៃ​អនុញ្ញាតឲ្យ​ចាប់ផ្ដើម​អាជីវកម្ម​តួយ៉ាង​មាន​ភោជនីយដ្ឋាន ហាង​ធ្វើ​សក់ ផ្សារ​នៅ​ខាងក្រៅ​ជាដើម ប៉ុន្ដែ​ត្រូវ​អនុវត្ដ​វិធានការ​ការពារ​មានដូចជា​រក្សា​គម្លាត​សង្គម​និង​ត្រូវ​វាស់​កម្ដៅ​ជាប្រចាំ​។​

​ស្របពេល​ជាមួយគ្នា​អ្នកជំនាញ​មើលឃើញថា បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​នៅ​ពុំទាន់​បាន​ស្រាកស្រាន្ដ​ពី​កូវី​ដ​-១៩​ទេ​។ ក្នុងនោះ​ហ្វីលីពីន​បាន​ផ្អាក​រាល់​ជើងហោះហើរ​ចេញ​និង​ចូលក្នុង​ប្រទេស​រយៈពេល​មួយ​សប្ដាហ៍​ចាប់ផ្ដើម​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ជួយ​បន្ថយ​សម្ពាធ​នៃ​ការដាក់​មនុស្ស​នៅ​ដាច់ដោយឡែក និង​មាន​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កំពុង​នៅ​ប្រឈម​ដដែល​។ សរុបមក​ចន្លោះពេល​ក​រណីស្លាប់​និង​ឆ្លង​បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​ពីដំបូង ហើយ​ប្រទេស​ជាច្រើន​បាន​ទប់ស្កាត់​ល្អ​ជាង​មុន តែ​ការប្រុងប្រយ័ត្ន​គឺ​មិនអាច​ខ្វះ​បាន​ដាច់ខាត​។  អ្វី​ជា​ការព្រួយបារម្ភ​ខ្លាំង​បំផុត​គឺ​ការឆ្លង​ជា​លើក​ទី​ពីរ ខណៈ​អ្នក​ដែល​ជាសះស្បើយ​ហើយក៏​អាច​ឆ្លង​ជាថ្មី​បានដែរ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  អាមេរិកចិនកូវីដ១៩

ព័ត៌មានផ្សេងទៀត