តៃវ៉ាន់​រងចាំ​លិខិតអញ្ជើញ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក​

04-05-2020 4:54 pm 347
លោកស្រី​ត្សៃ អ៊ីង​វិន​ប្រធានាធិបតីតៃវ៉ាន់

គិត​ត្រឹម​ថ្ងៃទី​០៤​ខែឧសភា​ឆ្នាំ​២០២០​នេះ នៅសល់​១៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ពេលដែល​អង្គកា​រសុខ​ភាព​ពិភពលោក ហៅ​កាត់​ថា​WHO រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ហើយ ប៉ុន្តែ​តៃវ៉ាន់​នៅ​មិនទាន់​ទទួលបាន​លិខិត ឬ​ការអញ្ជើញ​ជា​ផ្លូវការ ពី​អង្គការ​សុខភាព​ពិភពលោក នៅឡើយ​ទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់​លោកស្រី Joanne Ou ថា​តៃវ៉ាន់​នៅតែ​រងចាំ​ការអញ្ជើញ​ពី​WHO និង​ថា​ទោះបីជា​ស្ថានភាព​បច្ចុប្បន្ន​ពិបាក​ក៏ដោយ រដ្ឋាភិបាល​មិន​បោះបង់ចោល​ឡើយ និង​បន្ត​ខិតខំ​ឲ្យអស់​លទ្ធភាព​លុះ​ថ្ងៃ​ប្រជុំ​មកដល់​។​

​អ្នកនាំពាក្យ​ស្ត្រី​រូបនេះ ថា​តៃវ៉ាន់​នឹងចូលរួម​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​បណ្តា​ប្រទេស ដែលមាន​ឧត្តមគតិ​ប្រហាក់ប្រហែលគ្នា ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ហើយ​យក​ឱកាស​នោះ ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កោះ​តៃវ៉ាន់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ចែករំលែក​បទពិសោធ​ន៍​នេះ ព្រោះ​តៃវ៉ាន់​ជា​កោះ​មួយ​ដែល​ទទួលបាន​ការសរសើ​រ ថា​ទប់ស្កាត់​ការ​រាត្បា​តបាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព បើទោះបីជា​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​កៀក​ជិត​ចិន​ដីគោក តែ​តៃវ៉ាន់​មាន​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​កម្រិត​ទាប​បំផុត​ជាង​ការរំពឹងទុក​។ បច្ចុប្បន្ន​តៃវ៉ាន់​ទទួលបាន​ការគាំទ្រ​លេចធ្លោ​ជាងគេ​ពី​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​។​

​ភ្លាមៗ​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​ឆ្លើយតប ចំពោះ​សំណួ​រថា​តើ​អញ្ជើញ​ឬ​មិន​អញ្ជើញ​តៃវ៉ាន់​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ បេសកកម្ម​របស់​ចិន​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស ជា​ប្រទេស​ដែល​អង្គការ​សុខភាព​ពិភព​លោកបោះ​ទីស្នាក់ការ​កណ្តាល​នៅ​ទីនោះ បាន​ប្រឆាំង​យ៉ាងខ្លាំង ចំពោះ​ការជំរុញ​ឲ្យមាន​វត្ត​មាន​កោះ​តៃវ៉ាន់ នៅក្នុង​កិច្ចប្រជុំ ហើយ​ប្រតិកម្ម​ចំពោះ​អាមេរិក​ដែល​គាំទ្រ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​។ នៅក្នុង​សេចក្តីថ្លែងការណ៍ ចិន​បាន​រំលឹក​ឡើងវិញ​ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។ បើ​តៃវ៉ាន់​ចង់​ចូលរួម​នៅក្នុង​ស្ថាប័ន​អន្តរជាតិ រួមទាំង​អង្គការ​សុខភាព​ពិភពលោក​ផង ត្រូវតែ​ទទួលយក​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។ តែ​ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន​គឺ​លោកស្រី​ត្សៃ អ៊ីង​វិន​មិន​យល់ព្រម​។​

​តៃវ៉ាន់​បាន​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនាម​ជា​អ្នកសង្កេតការណ៍​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ នៅពេលដែល​ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់​នៅពេលនោះ សុខចិត្ត​ទទួលយក​គំនិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ភាគី​ទាំងសងខាង​ជា​របស់​ចិន​តែមួយ​។ ក្រោយ​ឆ្នាំ​២០១៦​នៅពេលដែល​លោកស្រី​ត្សៃ អ៊ីង​វិន​ជាប់ឆ្នោត​ប្រធានាធិបតី​ថ្មី មិន​ត្រឹមតែ​ជំទាស់​នឹង​គំនឹត​មួយ​នេះទេ និង​ថែមទាំង​រក្សា​ចិត្ត​ប៉ុនប៉ង់​ផ្តាច់​តៃវ៉ាន់​ចេញពី​ចិន ទើប​ធ្វើឲ្យ​ចិន​ខឹង​និង​រារាំង​មិនឲ្យ​តៃវ៉ាន់ ចូលរួម​កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក​បាន​តទៅទៀត​។ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន មិនមែនជា​រដ្ឋ​មួយ​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ទេ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  តៃវ៉ាន់WHO

ព័ត៌មានផ្សេងទៀត