លោក​កឹម សុខា ផ្ញើ​សារ​រំលែក​ទុក្ខ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​

04-05-2020 12:06 pm 1400

​លោក​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​រំលែក​ទុក្ខ ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់​ពី​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក របស់​លោក​នាយករដ្ឋមន្ត្រី និង​ជា​មាតា​បង្កើត​លោកជំទាវ បាន​ទទួលមរណភាព កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​០៤ ខែ​ឧសភា​នេះ​។​

​សារលិខិត​លោក​កឹម សុខា បានបញ្ជាក់​ថា ភរិយា​ខ្ញុំ និង​រូបខ្ញុំ មាន​សេចក្តីសោកស្តាយ និង​ស​មានទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក​របស់​សម្តេច និង​ជា​មាតា​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២:១២​នាទី​ទៀបភ្លឺ ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ។ 

​មរណភាព​របស់​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី គឺជា​ការបាត់បង់​មាតា ជីដូន ដែល​ជា​អ្នកមានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​។​

​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​បន្តថា ក្នុងឱកាស​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​សេចក្តីសោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​។​​ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ​សូម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ទទួល​នូវ​ការរំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត អំពី​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​៕

ព័ត៌មានផ្សេងទៀត