លោក​ត្រាំ​ថា​អាមេរិក​នឹងមាន​វ៉ាក់សាំង​ការពារកូ​វីដ​១៩​នៅ​ដំណាច់​ឆ្នាំនេះ​

04-05-2020 10:02 am 526

លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ថ្លែងប្រាប់​សារព័ត៌មាន​Fox News​នៅ​ថ្ងៃអាទិត្យ​ទី​៣​ខែ​ឧសភា យ៉ាង​ដូច្នេះ​ថា​« យើង​មាន​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ថា យើង​នឹងមាន​វ៉ាក់សាំង​នៅ​ដំណាច់​ឆ្នាំនេះ​»​។ លោក​និយាយថា​ក្រុមហ៊ុន Johnson & Johnson ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៧០ នៅលើ​ពិភពលោក ដែល​កំពុងធ្វើការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា កំពុង​ជិត​ទទួលបាន​វ៉ាក់សាំង ត្រៀម​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​ហើយ​។ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា យ៉ាងហោចណាស់​ចំនួន​១១៥​ប្រភេទ កំពុងស្ថិត​ក្នុងដំណាក់កាល​ផលិត​។​

​ទន្ទឹមនឹង​ការព្យាករណ៍​ប្រកបដោយ​មហិច្ឆតា អំពី ការរកឃើញ​វ៉ាក់សាំង លោក​ត្រាំ​ថា លោក​ក៏​រីករាយ​ដែរ ប្រើ​សិន​បើ​មាន​ប្រទេស​ណាមួយ អាច​ប្រណាំងប្រជែង​ឈ្នះ​អ្នកស្រាវជ្រាវ​អាមេរិក ដោយ​ក្លាយជា​ប្រទេស​ទីមួយ​លើ​លោក អាច​រកឃើញ​វិធី ដើម្បី​កម្ចាត់​វីរុស​កូរ៉ូណា​ចេញពី​ផែនដី​។ លោក​ត្រាំ​ថា​លោក​មិន​ខ្វល់​ទេ សំខាន់​លោក​ចង់បាន​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​។ នៅពេល​ត្រូវបាន​សួរ អំពី​ហានិភ័យ​ក្នុង​ការសាកល្បង​លើ​មនុស្ស នៅក្នុង​ដំណើរការ​ស្រាវជ្រាវ ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ខុសពី​ធម្មតា លោក ត្រាំ​និយាយថា រាល់​អ្នក​ដែល​ចូលរួម​ធ្វើតេស្ត​សុទ្ធតែជា​អ្នកស្ម័គ្រចិត្ត ហើយ​ដឹងថា​ពួកគេ​កំពុងតែ​ចាក់​បញ្ចូល​អ្វី​ទៅ​។​

​ទោះបីជា​ក្រុមហ៊ុន​នានា កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន នៅក្នុង​ការស្វែងរក​វ៉ាក់សាំង ដោយ​កំណត់​ពេលវេលា​ជាក់លាក់​យ៉ាងណាក៏ដោយ តែ​អ្នកជំនាញ​ខាង​សុខភាព ប៉ាន់ប្រមាណ​ថា ការអភិវឌ្ឍ​និង​ការ​ចែកចាយ​វ៉ាក់សាំង អាច​ចំណាយពេល​ពី ១២ ទៅ ១៨ ខែ​ឯណោះ​។ លោក​Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អាឡែ​ហ្ស៊ី​និង​ជំងឺឆ្លង​អាមេរិក មានប្រសាសន៍​ក្នុង​ខែមីនា​ថា ដំណើរការ​ទាំងមូល​នឹង​ចំណាយពេល​យ៉ាងហោចណាស់ មួយឆ្នាំ​ទៅមួយ​ឆ្នាំកន្លះ​។ អ្នកជំនាញ​ខ្លះទៀត​បារម្ភ​ថា ការ​បង្រួម​ពេលវេលា ទាំង​នៅក្នុង​ដំណើរការ​ផលិត និង​ការធ្វើ​តេស្ត​វ៉ាក់សាំង មុន​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​ជា​សាធារណៈនោះ អាច​បង្ក​ជា​ហានិភ័យ​។ កាលណា ប្រញាប់​ពេក អាច​នឹង​ថ្លោះធ្លោយ​ត្រង់ចំណុចណា​មួយ ដែល​អាច​បណ្តាលឲ្យមាន​គ្រោះថ្នាក់​។ គេ​បាន​លើក​ឧទាហរណ៍ ចំពោះ​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ដទៃទៀត​តួយ៉ាង ដូចជា​វ៉ាក់សាំង​ប្រឆាំង​ជំងឺ MERS និង​SARS ចំណាយពេល​ជាង​១៨​ខែ នៅក្នុង​ការផលិត ហើយ​នៅ​មិនទាន់​អនុញ្ញាតឲ្យ​ប្រើប្រាស់​ឲ្យបាន​ពេញលេញ​នៅឡើយ​ទេ​។ 

​ការលើកឡើង​ពី​ការ​ជិត​មាន​វ៉ាក់សាំង ការពារ​វីរុស​កូរ៉ូ​ណាពី​ប្រធានាធិបតីអាមេ​រិក ខណៈ​វីរុស​នេះ​សម្លាប់​ប្រជាជន​អាមេរិក​កើន​ដល់​ជាង​៦៨,០០០​នាក់ ឆ្លង​ជាង​១,១​លាន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១៧​ម៉ឺន​នាក់​។ អាមេរិក​ជា​ប្រទេស​ដែលមាន​អ្នកស្លាប់​និង​ឆ្លង​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ចំនួន​អ្នកស្លាប់​សរុប​លើ​ពិភពលោក មាន​ជាង​២៤​ម៉ឺន​នាក់ ឆ្លង​ជាង​៣,៥​លាន​នាក់ និង​ជាសះស្បើយ​ជាង​១,១​លាន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត