លោក​បូរី​ស ច​ន​សុន​ថា​​​​ពេល​លោក​ចូលពេទ្យ​​គេត្រៀម​បុណ្យសព​ឲ្យ​លោក​​​រួចទៅហើយ​

03-05-2020 4:31 pm 691
នាយករដ្ឋមន្ដ្រីអង់គ្លេស​លោកBoris Johnson

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​(Boris Johnson)​បានបង្ហាញ​ឲ្យដឹងថា នៅពេលដែល​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា មាន​ការរៀបចំ​ទុក​រួចជាស្រេច​ត្រៀម​ក្រែង​លោក​មិនអាច​ឆ្លង​ផុតពី​ការវាយប្រហារ​របស់​វីរុស​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​The Sun​នា​ថ្ងៃទី​០៣​ឧសភា​នេះ លោក​ច​ន​សុន​បាន​បញ្ជាក់ថា លោក​ត្រូវបាន​គ្រូពេទ្យ​ដាក់​អុកស៊ីសែន​ជា​បន្ដបន្ទាប់ ដើម្បី​អាចឲ្យ​លោក​នៅ​មានជីវិត​។ 

​លោក​បន្ដ​ដូច្នេះ​ថា “​វា​ជា​ពេលវេលា​ដ៏​លំបាក ហើយ​ខ្ញុំ​មិនអាច​បដិសេធ​បានទេ​។ ពួកគេ​បានរៀបចំ​យុទ្ធសាស្ដ្រ​ដើម្បី​ដោះស្រាយ​ជាមួយ​ការស្លាប់​របស់ខ្ញុំ​រួចទៅហើយ​។ ខ្ញុំ​មិន​ស្ថិតក្នុង​លក្ខណៈពិសេស​អ្វី​ទេ ហើយ​ខ្ញុំ​បានដឹង​ច្បាស់​ពី​ផែនការ​ត្រៀម​សម្រាប់​រឿង​យថាហេតុ​ណាមួយ​។ គ្រូពេទ្យ​បានរៀបចំ​គ្រប់យ៉ាង​ពី​ផែនការ​ដែល​ត្រូវធ្វើ ប្រសិនបើ​ស្ថានភាព​របស់ខ្ញុំ​កាន់តែ​អាក្រក់​។​”

​គួរ​បញ្ជាក់ថា លោក​បូរី​ស ច​ន​សុន​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩​កាលពី​ថ្ងៃទី​២៣​មីនា​។ នៅ​ថ្ងៃទី​០៥​មេសា​លោក​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់ពី​ស្ថានភាព​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​។ តែ​ក្រោយ​ការជួយ​សង្គ្រោះបន្ទាន់​៣​ថ្ងៃ លោក​ក៏បាន​ធូរស្បើយ​ហើយ​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១២​មេសា​បន្ដ​សម្រាក​នៅផ្ទះ​។ រយៈពេល​ជាង​៣​សប្ដាហ៍​លោក​បាន​ជាសះស្បើយ​ទាំងស្រុង និង​ត្រឡប់​ចូល​បំពេញការងារ​វិញ​នៅ​ថ្ងៃទី​២៧​ខែ​មេសា​៕

​ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត