FDA​អាមេរិក​អនុញ្ញាតឲ្យ​ប្រើ​ថ្នាំ Remdesivir ព្យាបាល​ជំងឺ​កូវី​ដ​១៩

02-05-2020 4:58 pm 374

​ថ្នាំ Remdesivir ស្រាវជ្រាវ​រកឃើញ​ដោយ​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ Gilead របស់​អាមេរិក​។ ថ្នាំ​នេះ​ត្រូវបាន​ផលិតឡើង ដើម្បី​ព្យាបាល​ជំងឺអេបូ​ឡា​ដែល​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក តែ​កាលនោះ Remdesivir មិនត្រូវ​បានអនុញ្ញាត​ដាក់ឲ្យ​ប្រើប្រាស់​ទេ ដោយសារ​គេ​គ្មាន​ទំនុកចិត្ត​ថា​វា​អាច​ព្យាបាល​ជំងឺអេបូ​ឡា​បាន ក្រោយ​ការធ្វើ​តេស្ត​រួច​។ មកដល់​សម័យ​កូរ៉ូណា នៅពេលដែល​ពិភពលោក​មិនទាន់​រកឃើញ​ថ្នាំ និង​វ៉ាក់សាំង​អាច​ការពារ​និង​ព្យាបាល​ជំងឺ បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាបាន​នៅឡើយ Remdesivir ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អាមេរិក​។​

​ឆ្លងកាត់​ការធ្វើ​តេស្ត​សាកល្បង​លទ្ធផល​បង្ហាញថា Remdesivir មាន​ប្រសិទ្ធភាព នៅក្នុង​ការព្យាបាល​អ្នក​ជំងឺ​ដែល​កំពុងតែ​ឈឺ​ធ្ងន់ ឲ្យ​ឆាប់​ធូរស្បើយ​ជាង​ថ្នាំ​ដែលមាន​សក្កា​នុព​ល​ផ្សេងទៀត គឺ​placebo​។ បើទោះបីជា​Remdesivir អាចជួយ​ព្យាបាល​ឲ្យ​អ្នកជំងឺ​ឲ្យ​បាន​ជាសះស្បើយ និង​ជួយ​អ្នក​ឈឺ​ធ្ងន់​ឲ្យ​ឆាប់​ធូរស្រាល​យ៉ាងណាក៏ដោយ ការ​ធ្វើតេស្ត​នោះ​មិន​បានបង្ហាញ​ច្បាស់លាស់​ទេ​ថា វា​អាច​ការពារ​មនុស្ស​ពី​ការស្លាប់​ដោយសារតែ​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា FDA នៅ​ថ្ងៃ​សុក្រ​ទី​១​ខែឧសភា​ឆ្នាំ​២០២០ បានអនុញ្ញាត​ដាក់ឲ្យ​ប្រើប្រាស់​ថ្នាំ Remdesivir ជា​ផ្លូវការ​ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុង​សហរដ្ឋអាមេរិក​។ ក្នុងឱកាស​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នាយក​ប្រតិបត្តិ Gilead លោក Daniel O'Day និយាយថា ការអនុញ្ញាត​របស់ FDA អាមេរិក គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​។ លោក​និយាយថា​ក្រុមហ៊ុន​នឹង​បរិច្ចាគ​ថ្នាំ​ចំនួន ១,៥ លាន​ដប ដើម្បី​ចែកចាយ​នៅតាម​មន្ទីរពេទ្យ​នៅ​អាមេរិក​។​

​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence និយាយថា​ថ្នាំ​Remdesivir​ចំនួន ១,៥ លាន​ដប នឹង​ចាប់ផ្តើម​ចែកចាយ​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​។ គេ​សន្និដ្ឋានថា​ថ្នាំ​ចំនួន ១,៥ លាន​ដប​នេះ គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នកជំងឺ​យ៉ាងហោចណាស់​១៤​ម៉ឺន​នាក់ តែ​បរិមាណ​អាច​ប្រែប្រួល​ទៅតាម​ចំនួន​ថ្ងៃ​ដែល​ពួកគេ​ទទួល​ការព្យាបាល​។ រដ្ឋាភិបាល​សហព័ន្ធ​នឹង​សម្រួល​ការបរិច្ចាគ​និង​ការចែករំលែក​ថ្នាំ ដល់​មន្ទីរពេទ្យ​នៅតាម​ទីក្រុង​នានា ដែល​រងគ្រោះ​ដោយ​វីរុស​កូរ៉ូណា ក៏ដូចជា​មន្ទីរពេទ្យ​ដែលមាន​តម្រូវការ​បំផុត​របស់​អាមេរិក ដើម្បី​សង្គ្រោះ​អ្នកជំងឺ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត