លោក​ត្រាំ​ថា​​មាន​ភស្ដុតាង​​បញ្ជាក់​កូ​វីដ​-១៩​​មាន​ប្រភពពី​​មន្ទីរពិសោធន៍​​ក្រុង​វូ​ហាន​

01-05-2020 11:27 am 2476

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​គំរាម​នឹង​ដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន បន្ទាប់ពី​លោក​អះអាងថា​មាន​ភស្ដុតាង​បញ្ជាក់ថា​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ មាន​ទំនាក់ទំនង​នឹង​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។ នៅពេល​អ្នកសារព័ត៌មាន​សាកសួ​រថា តើ​លោក​បានទទួល​ភស្ដុតាង​ដែល​អាច​ជឿ​ទុកចិត្ដ​បានថា​វិទ្យាស្ថាន​Virology​ក្នុង​ទីក្រុង​វូ​ហាន ជា​ដើមកំណើត​នៃ​ការផ្ទុះ​វីរុស​កូវី​ដ​-១៩​ឬ​យ៉ាងណា លោក​ត្រាំ​ឆ្លើយតប​ថា​លោក​មាន​ភស្ដុតាង​។ 

​លោក​ដូណាល់ ត្រាំ​ក៏​កំពុង​ត្អូញត្អែ​ខ្លាំង​ឡើងៗ ជុំវិញ​ការដោះស្រាយ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​របស់​ក្រុង​ប៉េកាំង ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ក្នុង​ខែវិច្ឆិកា​។ ផ្អាក​បន្ទោស​ចិន​រឿង​ភូតកុហក​ពី​ការ​រាតត្បាត​កូវី​ដ​-១៩ លោក​ត្រាំ​បានចាប់ផ្ដើម​សង្គ្រាមពាក្យសម្ដី​ជាមួយ​ចិន​ដោយ​សង្កត់ធ្ងន់ថា​ចិន​មិន​ចង់ឃើញ​លោក​ជាប់ឆ្នោត​ទេ​។ 

​ជុំវិញ​ករណី​កូវី​ដ​-១៩​លោក​ត្រាំ​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា ទីភ្នាក់ងារ​អាមេរិក​កំពុង​ស៊ើបអង្កេត​ពី​វី​ធី​ដែល​កូវី​ដ​-១៩​អាច​កើតឡើង​បាន និង​ពី​វិធី​ដែល​ចិន​បានធ្វើ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។ ប៉ុន្ដែ​ទោះបី​កិច្ចការ​ទាំងអស់នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត លោក​ត្រាំ​បានដាក់​ការសង្ស័យ​រួចទៅហើយ​។ លោក​នៅតែ​និយាយថា​ចិន​គួរតែ​អាច​បញ្ឈប់​វា​បាន និង​វាយប្រហារ​ចិន​ចំពោះ​ការមិន​លុបចោល​ជើងហោះហើរ​ចេញ​ក្រៅប្រទេស​ឲ្យទាន់ពេល​។ 

​ពេលនេះ​កំពុងមាន​ការសិក្សា​ពី​របៀប​ដែល​កូវី​ដ​-១៩ បាន​រាលដាល​នៅក្នុង​ទីក្រុង​វូ​ហាន ក្នុងនោះ​រាប់បញ្ចូល​ករណី​ផ្ទុះ​ចេញពី​ផ្សារ​លក់​សត្វព្រៃ​រស់ក្នុង​ក្រុង​វូ​ហាន ឬក៏​លេច​ធ្លាយ​ដោយ​ចៃដន្យ​ចេញពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។ ក្រុម​ស៊ើបអង្កេត​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​សន្និដ្ឋាន​វីរុស​កូវី​ដ​-១៩​មាន​ដើមកំណើត​ក្នុងប្រទេស​ចិន ប៉ុន្ដែ​មិនមែន​មនុស្ស​ជា​អ្នក​ផលិត​នោះទេ​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរ​ចង់ដឹង​លម្អិត​ពី​ភស្ដុតាង ដែល​អះអាងថា​ការ​លេច​ធ្លាយ​វីរុស​កូវី​ដ​-១៩ ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរពិសោធន៍​ក្រុម​វូ​ហាន លោក​ត្រាំ​បាន​ឆ្លើយតប​ថា​លោក​មិនអាច​ប្រាប់​បានទេ​។ ពេលនេះ​កំពុងមាន​ការយកចិត្ដទុកដាក់​ថាតើ​លោកត្រាំ​នឹង​សងសឹក​ជាមួយចិន​យ៉ាងណា​។ លោក​ត្រាំ​មិន​បានបញ្ជាក់​ច្បាស់លាស់​ពី​វិធានការ​ដើម្បី​សងសឹក​ចិន​ឡើយ ប៉ុន្ដែ​លោក​កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​៕

ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  អាមេរិកចិនកូវីដ១៩

ព័ត៌មានផ្សេងទៀត