ក្រោយកូវីដផុតរលត់កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនច្រើនឡើងវិញ

01-05-2020 10:34 am 260

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍នាសម័យកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីផ្សារទេសចរចិនជាទីផ្សារធំមួយ ដែលនឹងងើបឡើងវិញមុនគេនៅតាមគោលដៅទេសចរណ៍អន្តរជាតិមួយចំនួន(គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព)។

លោកបានបញ្ជាក់ដូចច្នេះថា កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរមកពីប្រទេសចិនច្រើនមុនគេ នៅពេលណាដែលពិភពលោកកម្ចាត់ជំងឺកូវី១៩ចេញបាន ខណៈទីផ្សារទេសចរចិនជាទីផ្សារធំមួយសម្រាប់កម្ពុជា។ ដូច្នេះនៅពេលរដ្ឋាភិបាលចិនអនុញ្ញាត ឱ្យប្រជាជនរបស់ខ្លួនអាចដើរចេញក្រៅ ឬបើកឱ្យមានការហោះហើរចេញក្រៅប្រទេសឡើងវិញ យើងគិតថាអាចនឹងមានលំហូរទេសចរចិនមុនគេមកកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាទៅគ្រប់ផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវជំរុញការត្រៀមខ្លួនទទួលភ្ញៀវទេសចរចិនឡើងវិញ ដោយអនុលោមតាមសៀវភៅ China Ready និងត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានា បន្ថែមនូវការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាដាច់ខាត។

បន្ថែមលើនេះ នៅពេលក្រសួងទេសចរណ៍សម្រេចបានស្ដង់ដាថ្មីសម្រាប់អាជីវកម្មទេសចរណ៍ហើយនោះ អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែអនុវត្តតាមស្ដង់ដាថ្មីជាកំហិត ដើម្បីបង្ការការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែយ៉ាងណាមិញ នៅចំពោះមុខ កម្ពុជានឹងជំរុញឱ្យមានចលនាទេសចរក្នុងស្រុកជាមុនសិន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ជាមួយនឹងការកំហិតឱ្យមានការអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល៕ ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត