នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩

01-05-2020 10:03 am 385
​លោកMikhail Mishustinនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី

​លោក Mikhail Mishustin នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី បាន​ប្រាប់​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​ថា លោក​បាន​ធ្វើតេស្ត​វិជ្ជមាន នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ និង​ស្នើ​ផ្អាក​ធ្វើ​ការងារ​មួយរយៈ ដើម្បី​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​និង​ព្យាបាល​ជំងឺ​។ លោក​Mishustin បានស្នើ​ឧបនាយករដ្ឋមន្ត្រី​ទី​១ គឺ​លោក Andrei Belousov ធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី នៅពេល​អវត្តមាន​រូប​លោក​។ 

​លោក Mikhail Mishustin វ័យ​៥៤​ឆ្នាំ គឺជា​បុគ្គល​សំខាន់​ម្នាក់ ដែល​ធ្វើ​ការងារ​សម្របសម្រួល នៅក្នុង​ការឆ្លើយតប​ចំពោះ​វីរុស​កូរ៉ូណា បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​ទី​១​នៃ​ប្រទេស​រុស្ស៊ី ដែល​និយាយ​ជា​សាធារណៈ ថា​លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​។ រាល់​អ្នក​ដែល​បាន​ទាក់ទង​ឬ​ប៉ះពាល់​ជាមួយ​លោក Mishustin តម្រូវឲ្យ​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក និង​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។​

​គួរ​ជម្រាបជូន​ដែរថា នៅក្នុង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន មាន​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា ចំនួន​ជាង​១,០០០​នាក់​និង​ឆ្លង​ជាង​១០​ម៉ឺន​នាក់ ទន្ទឹមនឹងនោះ​មាន​ករណី​ព្យាបាល​ជាសះស្បើយ ជាង​១១,០០០​នាក់​ផងដែរ​។ ដោយឡែក ករណី​ឆ្លង​ទូទាំង​ពិភពលោក​វិញ បាន​កើនឡើង​ដល់​ជាង​៣,៣​លាន​នាក់ និង​ស្លាប់​ជាង​២៣០,០០០០​នាក់ និង​ករណី​ព្យាបាល​ជាសះស្បើយ កើន​ដល់​ជាង​១​លាន​នាក់​។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយគេហៈទំព័រworldometer នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះ៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត