កូរ៉េខាងត្បូង​ប្រកាសថា​គ្មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ស្រុក​ជា​លើកដំបូង​

30-04-2020 4:16 pm 248
ការធ្វើតេស្តសុខភាពលើពលរដ្ឋកូរ៉េខាងត្បូង

​អាជ្ញាធរ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​បាន​រាយការណ៍​ថា​ពុំ​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ក្នុងស្រុក​ជា​លើកដំបូង​បើ​គិត​ចាប់​តាំង​ខែកុម្ភៈ​មក ហើយ​សូម្បី​តែ​ការបោះ​ឆ្នោត​ដ៏​ធំ​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ចូលរួម​ក៏​ពុំ​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ដែរ​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០​។​

​បើ​តាម​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង បានឲ្យដឹង​ថា​ខណៈ​ពុំ​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩ ក្នុងស្រុក តែ​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ០៤​ករណី និង​អ្នក​ស្លាប់​ម្នាក់​ដែល​នាំឲ្យ​ចំនួន​ករណី​ឆ្លងស​រុប​កើន​ដល់ ១០,៧៦៥​ករណី និង​អ្នកស្លាប់​កើន​ដល់ ២៤៧​នាក់ ស្របពេល​ដែល​មនុស្ស​ចំនួន ៩,០៥៩​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​នេះ​ផងដែរ​។​

​ជាមួយគ្នា​នេះ​អាជ្ញាធរ​កូរ៉េខាងត្បូង ក៏​បាន​បញ្ជាក់​ដែរ​ថា ការបោះ​ឆ្នោត​ដ៏​ធំ​ក្នុង​ប្រទេស​ខ្លួន ពុំ​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​នោះទេ ដោយសារតែ​រដ្ឋាភិបាល​មាន​វិធានការ​ការពារ និង​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​បំផុត​។ ជាក់ស្ដែង​លោក​Yoon Tae-ho អគ្គនាយក​ទទួលបន្ទុក​ផ្នែក​សុខភាព​សាធារណៈ បានបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ប្រមាណ ២៩​លាន​នាក់​ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា​កន្លង​ទៅ​ឡើយ គ្មាន​របាយការណ៍​ពី​ករណី​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ឡើយ ហើយ​ការបោះឆ្នោត​បាន​កន្លងផុត​ទៅ​ប្រមាណ ១៤​ថ្ងៃ​ហើយ​ផងដែរ​។​

​គួរ​បញ្ជាក់​ដែរ ថា​ស្ថិតិ​នៃ​ការថយចុះ​ចំនួន​ទាំង​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩ ក្នុង​ប្រទេស​កូរ៉េខាងត្បូង កើតឡើង​ក្រោយ​ពី​អាជ្ញាធរ​ប្រទេស​នេះ​បាន​អនុវត្ត​ការ​ធ្វើ​តេស្ត​សុខភាព​លើ​ពលរដ្ឋ និង​វិធានការណ៍​គម្លាត​សង្គម​។ ជាក់ស្ដែង​កូរ៉េខាងត្បូង​នឹង​បន្ត​អនុវត្ត​វិធានការណ៍​គម្លាត​សង្គម​រហូត​ថ្ងៃទី​០៥ ខែ​មេសា ប៉ុន្តែ​សម្រាប់​កន្លែង​សាសនា និង​កន្លែង​កីឡា​ពុំ​មាន​ការហាមឃាត់​តឹងតែង​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត