លោក​ត្រាំ​ចោទ​ថា​ចិន​មាន​ចេតនា​ចង់ឲ្យ​ខ្លួន​ចាញ់​ក្នុង​ការបោះឆ្នោត​ប្រ​ធានា​ធិបតី​

30-04-2020 10:57 am 1991
លោកដូណាល់ ត្រាំ កំពុងផ្ដល់បទសម្ភាសន៍

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការគ្រប់គ្រង​លើ​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩​របស់​ប្រទេស​ចិន ជា​ភស្តុតាង​យ៉ាងច្បាស់​បញ្ជាក់ថា​រដ្ឋាភិបាល​ទីក្រុង​ប៉ី​ជី​ង​(Beijing)​មាន​ចេតនា​ចង់​ឲ្យ​រូប​លោក​ចាញ់​នៅក្នុង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​នាពេល​ខាងមុខ​នេះ​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ​(Reuters)​នៅក្នុង​ការិយាល័យ​Oval លោក​ត្រាំ បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា​លោក​កំពុង​សម្លឹង​ទៅលើ​ចំណុច​ប្រទាំង​ប្រទើស​គ្នា​ជាមួយ​ចិន ពាក់ព័ន្ធ​ករណី​វីរុស​កូវី​ដ​-១៩​នេះ​។​

​ទាក់ទង​ទៅនឹង​វិបត្តិកូ​វីដ​-១៩​ដែរ លោក​ត្រាំ​ក៏​ធ្លាប់បាន​ស្ដីបន្ទោស​លើ​ប្រទេស​ចិន ចំពោះ​ការបិទបាំង​នូវ​ការឆ្លង​រាតត្បាត​ពី​សំណាក់​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ ដោយ​លោក​ត្រាំ​ស្ដីបន្ទោស​ចិន​ថា​គួរតែ​ប្រកាស​ពី​ឥទ្ធិពល​នៃ​វីរុស​ថ្មី​នេះ​ឲ្យបាន​ឆាប់រហ័ស​ជាង​នេះ​។ 

​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​អាមេរិក​រូប​នេះ ក៏​បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ជាច្រើន​របស់​អាមេរិក ដោយសារតែ​វិធានការ​ទប់ស្កាត់ និង​ការប្រកាសអាសន្ន​ដ៏​យឺតយ៉ាវ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូវី​ដ​-១៩ ដែល​ជា​កត្តា​អាច​ប៉ះពាល់​ដល់​សម្លេងឆ្នោតរ​បស់​លោក​សម្រាប់​ការបោះ​ឆ្នោត​ដ៏​សំខាន់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ 

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ការិយាល័យ​ជាន់ខ្ពស់​ម្នាក់​របស់លោក​ត្រាំ បាន​បង្ហើប​ថា​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ កិច្ច​ចរចា​លើ​សង្គ្រាមពាក្យសម្ដី​រវាង​មហាអំណាច​ទាំងពីរ​(​ចិន​-​អាមេរិក​) ដែល​លោក​ត្រាំ និង​លោក​ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បាន​ចរចា​គ្នា​តាមរយៈ​ទូរស័ព្ទ​កាលពី​ចុង​ខែ​មីនា​ហាក់​ត្រូវបាន​បញ្ចប់​ដោយ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ឡើយ​។ 

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ចិន និង​អាមេរិក​វិញ លោក​ត្រាំ​បញ្ជាក់ថា លោក​ខិតខំ​បញ្ចប់​នូវ​វិបត្តិ​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន តែ​លោក​ពិតជា​អន់ចិត្ត​យ៉ាងខ្លាំង​ជាមួយ​ចិន​ព្រោះតែ​វីរុស​កូវី​ដ​-១៩​នេះ​។ 

​សូមជម្រាបថា គិត​មក​ទល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ដោយសា​វីរុស​កូវី​ដ​-១៩​រហូតដល់​ទៅ​ជាង ៦១​ម៉ឺន​នាក់​ហើយ និង​អ្នក​ឆ្លង​បាន​ហក់​ដល់​ទៅ​ជាង ១​លាន​នាក់​។ លើសពី​នេះ​វីរុស​នេះ​បាន​ធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​នេះ​ថែម​ទៀត​៕

ព័ត៌មានផ្សេងទៀត