ផឹកគ្រឿងស្រវឹងច្រើន ងាយប្រឈមមុខនឹងជំងឺចាស់វង្វេង

29-04-2020 3:59 pm 265
  ស្តាប់
ស្តាប់ជាសំឡេង

គ្រឿងស្រវឹង គឺជាភេសជ្ជ:មួយប្រភេទ មានការពេញនិយមខ្លាំងបំផុត ដែលគេតែងយកមកទទួលទានក្នុងឱកាសជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។ គ្រឿងស្រវឹង បានរំញោចឲ្យអ្នកផឹកមានភាពសប្បាយរីករាយ ក៏ដូចជាជួយរំសាយបញ្ហាក្នុងចិត្តបានមួយរយៈពេល ប៉ុន្តែវានឹងធ្វើឲ្យអ្នកឈឺចាប់ និងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅលើគ្រែពេទ្យ ក្រោយពីសេពគ្រឿងស្រវឹងយ៉ាងជោគជាំ ក្នុងរយៈពេលយូររួចមក។ 

ការទទួលទានគ្រឿងស្រវឹងក្នុងម្រិតមធ្យម មិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ តែផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានវាលើសដែនកំណត់ នឹងញឹកញាប់ពេកនោះ សរីរាង្គផ្សេងៗច្បាស់ជាប្រឈមនឹងហានិភ័យជាមិនខាន។ ជាក់ស្ដែង បើតាមទិន្នន័យនៃការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលឧស្សាហ៍ទទួលទានគ្រឿងស្រវឹង ជាពិសេសស្រ្តីនិងយុវវ័យ អាចងាយប្រឈមមុខ នឹងជំងឺចាស់វង្វេង មុនអាយុ៦៥ឆ្នាំ។ 

ការស្រាវជ្រាវបានបង្ហាញថា ក្នុងអំឡុងឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៩ យុវវ័យប្រមាណជាង ៤៨៨,០០០នាក់ មានឳកាសខ្ពស់ក្នុងការប្រឈមនឹងជំងឺចាស់វង្វេងស្មារតី ដោយសារតែគ្រឿងស្រវឹង ច្រើនជាងអ្នកមិនមិនទទួលទាន។ លើសពីនេះទៅទៀត វាក៏មានឥទ្ធិពល អាចធ្វើឲ្យអ្នកក្លាហានក្នុងការប្រព្រឹត្តអំពើហិង្សា នឹងបង្ករឲ្យកើតហេតុការណ៍ គ្រោះថ្នាក់ផ្សេងៗថែមទៀតផង។

បន្ថែមលើនេះ បើយោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យបរទេសមួយទៀត ក៏បានបង្ហាញថា ក្រៅពីធ្វើឲ្យអ្នកទទួលទានមានជំងឺចាស់វង្វេងមុនអាយុហើយនោះ ទទួលទានគ្រឿងស្រវឹងញឹកញាប់អាចបង្កើនបរិមាណជាតិពុល និងបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងឈាម។ ជាតិពុលទាំងនោះអាចឆ្លងកាត់តាមរយ:ជញ្ជាំងពោះវៀន និងឆ្លងទៅផ្នែកផ្សេងៗទៀតនៃរាងកាយ ។ ទន្ទឹមនឹងនេះ ស្រ្តី, ស្រ្តីមានផ្ទៃពោះ, កុមារ និងទារក ក៏អាចរងគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រឿងស្រវឹង ច្រើនជាងនិងធ្ងន់ធ្ងរជាងបុរសផងដែរ។ 

លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹង ក៏បង្កផលប៉ះពាល់ដល់សុខភាពជាច្រើនទៀតដូចខាងក្រោម៖

១ បាត់បង់កោសិកាឈាមក្រហម៖ ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចរារាំងដល់ការផលិតកោសិកាឈាមក្រហម ហើយមានឥទ្ធិពលអវិជ្ជមានដល់ប្លាកែត និងសមាសធាតុដែលជួយជំរុញដល់ដំណើរការកំណកឈាម។

២ ប្រឈមមុខនឹងជំងឺមហារីក៖ ជាតិអាល់កុលដែលត្រាំត្រែងនៅក្នុងរាងកាយច្រើនពេក គឺជាមូលហេតុមួយនៃជំងឺមហារីក ដូចជាមហារីកបំពង់អាហារ, ថ្លើម,សុដន់ និងពោះវៀនជាដើម។

៣ ប៉ះពាល់បេះដូង៖ គ្រឿងស្រវឹងនៅក្នុងខ្លួនច្រើនពេក អាចធ្វើឲ្យចង្វាក់បេះដូងដើរមិនទៀងទាត់, សាច់ដុំចុះខ្សោយ,ដង្ហើមខ្លី, អស់កម្លាំង,និងហើមជើងជាដើម។

៤ រលាកលំពែង៖ ការទទួលទានគ្រឿងស្រវឹង ក៏ធ្វើឲ្យអ្នកប្រឈមនឹងបញ្ហារលាកលំពែងខ្ពស់ផងដែរ ។ ការរលាកលំពែងនេះ ក៏បានផ្ដល់ផលប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យកើតមានជំងឺលំពែងរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម ដោយសារតែអាំងស៊ុយលីន មិនអាចផលិតបានត្រឹមត្រូវ។

៥ ខ្សោយខួរក្បាល៖ គ្រឿងស្រវឹង អាចប៉ះពាល់ដល់សកម្មភាពខួរក្បាល ហើយបញ្ហានេះកើតឡើងចំពោះស្ត្រីច្រើនជាងបុរស។ លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹង អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចាប់ពី៣ ដល់ទៅ៥ដង។

ដូចច្នេះហើយ បើមិនចង់ជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ លោកអ្នកគួរតែថែររក្សាសុខភាពឲ្យបានល្អ នឹងជៀសឆ្ងាយពីគ្រឿងស្រវឹងទាំងឡាយ តាមដែលអាចធ្វើទៅបាន។ ក្នុងករណីមិនអាចជៀសផុត តែដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ អ្នកគួរទទួលទានអាហារផ្សេងៗ មុនផឹកគ្រឿងស្រវឹង, សម្រាកមុន នឹងក្រោយពេលអនុញ្ញាតឲ្យគ្រឿងស្រវឹងចូលខ្លួន, ទទួលទានទឹកនៅមុនពេល កំឡុងពេល និងក្រោយពេលផឹកគ្រឿងស្រវឹង, មិនត្រូវផឹកគ្រឿងស្រវឹងច្រើនមុខលាយគ្នា និងមិនត្រូវលាយជាមួយភេសជ្ជផ្អែមនោះឡើយ៕ 

ព័ត៌មានផ្សេងទៀត