ក្រសួង​ការងារ​ឲ្យ​ពលករ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បន្ត​ថែទាំ​សុខភាព​

29-04-2020 2:57 pm 152

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី ការការពារ​សុខភាព និង​ជីវភាព​របស់​ពលករ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​បរទេស ឬ​បាន​វិលត្រឡប់​មក​ភូមិ​កំណើត​វិញ ក្នុងអំឡុងពេល​ការទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

​តាមរយៈ​សេចក្ដីណែនាំ ក្រសួង​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស ត្រូវអនុវត្ត​តាម​ច្បាប់ បទបញ្ជា និង​វិធានការ​សុខភាព​នានា​ដែល​បាន​ដាក់ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ដែល​កំពុង​ធ្វើការ​។ ពលករ​ខ្មែរ​ត្រូវអនុវត្ត​តាម​ការណែនាំ ឬ​សេចក្ដីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត ឬ​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ដែល​ខ្លួន​កំពុង​ធ្វើការ​។ 

​ក្រសួង​ណែនាំ​បន្ថែមទៀតថា ពលករ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស ក៏​ត្រូវ​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​និយោជក​របស់​ខ្លួន និង​ត្រូវ​ទាក់ទង​ទៅ​ស្ថាន​ឯកអគ្គរាជទូត ឬ​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាបន្ទាន់​ក្នុង​ករណី​មាន​បញ្ហា​។​

​ដោយឡែក​សម្រាប់​ពលក​រ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក្រសួង​ណែនាំ​ឲ្យ​អនុវត្ត​តាម​ការណែនាំរ​បស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​ច្រកទ្វារ​ព្រំដែន​គោក និង​អាកាស ដើម្បី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​សុខភាព និង​ចត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅពេល​ទៅដល់​ស្រុក​កំណើត​វិញ ស្រប​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល និង​ក្រុមការងារ​រាជធានី​-​ខេត្ត​នៃ​ក្រសួងមហាផ្ទៃ​។​

​ជាមួយគ្នានេះ សម្រាប់​ពលករ​ដែល​មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួលបាន​សេវា​អន្តរាគមន៍​។ ករណី​មាន​បំណង​ស្វែងរក​ការងារ​ថ្មី​ធ្វើ ត្រូវ​ទាក់ទង​ទៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​ការងារ រាជធានី​-​ខេត្ត ដើម្បី​ទទួលបាន​ព័ត៌មាន​ការងារ​។​

​លើសពីនេះ ក្រសួង​ណែនាំ​ឲ្យ​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មក​ប្រទេស​កំណើត​វិញ គួរ​ចូលរួម​ជួយ​ក្រុមគ្រួសារ ដើម្បី​ធ្វើ​ស្រែចំការ ដាំ​ដុះ និង​របរ​កសិកម្ម​ផ្សេងៗ ក្នុងអំឡុងពេល​រងចាំ​ស្វែងរក​ការងារ​ថ្មី​នៅក្នុង​ស្រុក ឬ​ចង់​វិលត្រឡប់​ទៅ​ក្រៅប្រទេស​វិញ​៕

ព័ត៌មានផ្សេងទៀត