ចិន​រិះគន់​ឥណ្ឌា​ក្រោយ​ឈប់​ប្រើ​ឧបករណ៍​តេស្ត​កូវី​ដ​-១៩​របស់​ចិន​

28-04-2020 5:18 pm 730

​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​មាន​ផែនការ​ប្រគល់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង្គ​បដិបក្ខ នៅក្នុង​ឈាម​របស់​មនុស្ស ដែល​អាចមាន​ឆ្លង​វីរុស​កូរ៉ូណា ឲ្យទៅ​ក្រុមហ៊ុនចិន​ចំនួន​ពី​រវិញ ដោយសារតែ​ឧបករណ៍​ទាំងនោះ​បង្ហាញ​លទ្ធផល​មក​មិន​ត្រឹមត្រូវ​។ ឧករ​ណ៍​ផលិត​ដោយ​ក្រុមហ៊ុន​Guangzhou Wondfo Biotech និង Zhuhai Livzon Diagnostics មិនអាច​ផ្ទៀងផ្ទាត់​លទ្ធផល​បានទេ​។ រដ្ឋ​នៅ​ប្រទេស​ឥណ្ឌា​ជាច្រើន​បាន​ត្អូញត្អែរថា ឧបករណ៍​ធ្វើតេស្ត​ទាំងនោះ ផ្តល់​ភាពត្រឹមត្រូវ  ពោល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា បែរជា​ធ្វើតេស្ត​ទៅ​ចេញ​លទ្ធផល​អវិជ្ជមាន​ទៅវិញ​។  

​ប៉ុន្តែ​ស្ថានទូត​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​និង​រិះគន់​ឥណ្ឌា ដែល​សម្រេច​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​របស់ខ្លួន ដោយ​លើកឡើងថា មិនមាន​ភាពយុត្តិធម៌​និង​ការទទួលខុសត្រូវ​ទាល់តែសោះ​។ អ្នកនាំពាក្យ​ឲ្យ​ស្ថានទូត​ចិន​លោកស្រី Ji Rong​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​ចិន​បាន​នាំចេញ​ឧបករណ៍​ទៅ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប អាស៊ី​និង​អាមេរិក​ឡាទីន ប៉ុន្តែ​មិនបាន​ជួប​បញ្ហា​ដូច​ឥណ្ឌា​ឡើយ​។ លោកស្រី​ថា ចិន​បាន​ព្យាយាម​ជួយ​ប្រទេស​ឥណ្ឌា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស ជាមួយនឹង​សកម្មភាព​ជាក់ស្តែង​។​

​ចំណែក​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងពីរ​របស់​ចិន ដែល​ផ្គត់ផ្តង់​ឧបករណ៍​ធ្វើតេស្ត​វីរុស​កូរ៉ូណា​ដល់​ឥណ្ឌា គឺ​ក្រុមហ៊ុន Guangzhou Wondfo Biotech​បានចេញ​សេចក្តីថ្លែងការណ៍​អះអាងថា ឧបករណ៍​របស់ខ្លួន​ផលិតឡើង ដោយ​ឈរលើ​គុណភាព​ជា​ចម្បង ហើយ​វា​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ ដោយ​ស្ថាប័ន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា​ដោយផ្ទាល់ នៅពេល​ចេញ​អាជ្ញាប័ណ្ណ​នាំចូល​។​

​គួរ​ជម្រាបជូន​ថា ឥណ្ឌា​ដែល​ជាប់ជំពាក់​ដោយ​ជម្លោះដីធ្លី​ជាមួយ​ចិន បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើតេស្ត​ពី​ចិន ចំនួន​កន្លះ​លាន​នៅក្នុង​ខែមេសា​នេះ ដើម្បី​បម្រើ​ដល់​យុទ្ធនាការ​ទប់ស្កាត់ វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​អ្នកស្លាប់​ដោយសារតែ​វីរុស​នេះ​ចំនួន ជាង​៩០០​នាក់​និង​ឆ្លង​ជាង​២៩,០០០​នាក់​។ ឧបករណ៍​ធ្វើតេស្ត​នោះ​ប្រើពេល​តែ ៣០​នាទី​ប៉ុណ្ណោះ នឹង​ដឹង​លទ្ធផល​ហើយ​៕ 

ព័ត៌មានផ្សេងទៀត