កម្ពុជា​អាច​ធានា​បាន​អត្រា​មាន​ការងារ​ធ្វើ​៩៩,៧% នៃ​កម្លាំង​ពលកម្ម​១០​លាន​នាក់​

28-04-2020 4:38 pm 787

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​អាច​ធានាបាន​នូវ​អត្រា​មាន​ការងារ​ធ្វើ​៩៩,៧% នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​នាក់​។ នេះ​បើ​តាម​ការលើកឡើង នៅ​ក្នុង​សារលិខិត​អបអរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២០ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល អាច​ធានាបាន​នូវ​អត្រា​មាន​ការងារ​ធ្វើ​៩៩.៧% នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​នាក់ នៅក្នុង​នោះ រួមមាន ក្នុង​ប្រទេស​ប្រមាណ ៣.៦៩​លាន​នាក់ (​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ចំនួន​ជាង​១.៥​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ២.២​លាន​នាក់​) វិស័យ​កសិកម្ម​ប្រមាណ ៤​លាន​នាក់ មន្ត្រី​សាធារណៈ​ចំនួន​៥០​ម៉ឺន​នាក់ និង​ពលករ ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ចំនួន​ប្រមាណ​១.២៨​លាន​នាក់​»​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ដើម្បី​ឲ្យ​កម្ពុជា អាច​សម្រេច​បាន​តាម​មហិច្ឆតា ប្រែក្លាយ​ពី​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត ដោយ​បាន​ជោគជ័យ នូវ​យុត្តិសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រួម​ទាំង​គោលនយោបាយ​អាទិភាព​សំខាន់ៗ ដើម្បី​បង្កើន​ល្បឿន​ការអភិវឌ្ឍ និង​បង្កើត​ការងារ​សមរម្យ​ជូន​ប្រជាពលរដ្ឋ និង​អនុវត្តន៍​នូវ​ការកែទម្រង់​មុត​ស្រួច ក្រោម​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា «​កែទម្រង់​ផ្ទៃក្នុង និង​បង្កើត​មិត្ត​ខាងក្នុង ស្មារតី​ឯករាជ្យ​»៕

ព័ត៌មានផ្សេងទៀត