ការផ្ទេរ​ក្របខណ្ឌ​មន្ត្រីរាជការ​-​គ្រូ​បង្រៀន​ទៅ​ក្រសួង​ស្ថាប័ន​នានា​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន

28-04-2020 3:16 pm 672

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការផ្អាក​បណ្ដោះអាសន្ន​នៃ​ការផ្ទេរ​ក្រប​ខណ្ឌ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ក្រសួង​-​ស្ថាប័ន​នានា​។​

​តាមរយៈ​សេចក្ដីជូនដំណឹង ក្រសួង​បញ្ជាក់ថា ការផ្អាក​បណ្ដោះអាសន្ន​នៃ​ការផ្ទេរ​ក្របខណ្ឌ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន ទៅ​ក្រសួង​ស្ថាប័ន​នានា​នេះ ជា​ការឆ្លើយតប​ទៅនឹង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មុខងារសាធារណៈ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ស្ដី​ពី​ការផ្អាក​បណ្ដោះអាសន្ន​នៃ​ការជ្រើសរើស​ក្រប​ខណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​២០២០ ឲ្យចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជកា​រ​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ជាក់ស្ដែង​ការផ្អាក​បណ្ដោះអាសន្ន​នៃ​ការជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ថ្មី សម្រាប់​ឆ្នាំ​២០២០​នឹង​ធ្វើឲ្យ​វិស័យ​អប់រំ​យុវជន និង​កីឡា ប្រឈម​នឹង​ការ​ខ្វះ​គ្រូ​បង្រៀន​កាន់តែខ្លាំង​។​

​ជាមួយគ្នា​នេះ​ក្រសួង​អប់រំ​បាន​ធ្វើ​ការណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ទីស្ដីការក្រសួង និង​គ្រប់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​/​ខេត្ត ត្រូវ​ប្រើប្រាស់​ធនធាន​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ដែល​មាន​ស្រាប់​ឲ្យអស់​លទ្ធភាព តាមរយៈ​ការ​រឹតបន្តឹង​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​រាជការ និង​ការអនុញ្ញាត​ច្បាប់​នានា​ដែល​ពុំ​មាន​ការចាំបាច់​។​

​ក្រសួង​បន្ថែមថា​គ្រប់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​/​ខេត្ត ត្រូវ​បន្ត​ពិនិត្យ និង​បែងចែក​ភារកិច្ច​ជូន​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ឲ្យបាន​សមស្រប​តាម​គោលការ​ណ៍​ណែនាំ និង​តាម​សមត្ថភាព​របស់​សាមីខ្លួន​ម្នាក់ ព្រមទាំង​ត្រូវ​ធ្វើ​ការវាយតម្លៃ​លទ្ធផល​ការងារ​ជាប្រចាំ​។​

​លើសពីនេះ ក្រសួង​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​/​ខេត្ត មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ និង​គ្រូ​បង្រៀន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រោម​ឱវាទ ផ្ទេរ​ក្របខណ្ឌ​ទៅ​ក្រសួង ស្ថាប័ន​នានា​។ លើកលែងតែ​មន្ត្រី​រាជកា​រ ឬ​គ្រូបង្រៀន​នោះ​ត្រូវបាន​តែងតាំង​ក្នុង​មុខតំណែង​ណាមួយ​នៃ​ក្រសួង​ស្ថាប័ន​ថ្មី​រួច​ហើយ​៕

ព័ត៌មានផ្សេងទៀត