ប្រទេស​រងគ្រោះ​ខ្លាំង​ពី​កូវី​ដ​-១៩ ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​

28-04-2020 12:05 pm 145

​ប្រទេស​ចំនួន​៦​ដែល​រងគ្រោះ​ខ្លាំង ដោយសារតែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បច្ចុប្បន្ន​មានដូចជា អាមេរិក អេ​ស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​។ ក្នុងចំណោម​ប្រទេស​ទាំងនេះ រួមមាន​អាមេរិក អេ​ស្ប៉ាញ​និង​អ៊ីតាលី បានសម្រេច​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង ដែល​បានដាក់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណានោះ ជា​បណ្តើរៗ​ហើយ ក្រោយ​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​។ យ៉ាងណា​ការបន្ធូរបន្ថយ​នេះ មិនទាន់​អនុវត្តបាន​ទូលំទូលាយ​នៅឡើយ​ទេ​។  

​អាមេរិក​ដែល​ជាប់​ជា​ប្រទេស​លេខ​មួយ មាន​អត្រា​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​លើ​លោក បានសម្រេច​បើក​អាជីវកម្ម​មួយចំនួន​ឡើងវិញ​នៅក្នុង​រដ្ឋ​ខ្លះ​។ រដ្ឋ​Georgia​បានចាប់ផ្តើម​អនុញ្ញាតឲ្យ​ហាង​សាក់ ហាង​សាឡ​ន​កក់សក់ ធ្វើ​ក្រចក កាត់សក់ បើក​រកស៊ី​ជាថ្មី​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ត្រូវ​រក្សា​អនាម័យ​ឲ្យបាន​ជាប់​ជាប្រចាំ​។ នៅក្នុង​រដ្ឋ​Georgia​ដដែល បានចាប់ផ្តើម​អនុញ្ញាតឲ្យ​ប្រជាជន​បរិភោគ​អាហារ​ពេ​លល្ងា​ច នៅ​ភោជនីយដ្ឋាន​និង​មើល​ខ្សែភាពយន្ត​នៅក្នុង​រោងកុន​នៅ​ថ្ងៃទី ២៧ ខែមេសា​ឆ្នាំ​២០២០​។ រីឯ​រដ្ឋ Minnesota​ឆ្ពោះទៅ​ដល់​រដ្ឋ Mississippi បាន​ចាត់វិធានការ ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត បើទោះបីជា​អ្នកជំនាញ​សុខភាព​បាន​ព្រមាន​ថា វា​ឆាប់រហ័ស​យ៉ាងណាក៏ដោយ​។ ដើម្បីឲ្យ​ចលនា​សេដ្ឋកិច្ច​មាន​ដំណើរកា​រ​ឡើងវិញ រដ្ឋ Colorado, Montana និង Tennessee ជាដើម បានកំណត់​នៅក្នុង​ការបើក​អាជីវកម្ម​មួយចំនួន​ឡើងវិញ​ដូចគ្នា​។ សម្រាប់​ភោជនីយដ្ឋាន​ខ្លះ ដែល​បើក​ដំណើរការ នៅតែ​រក្សា​អនាម័យ​ខ្ពស់ និង​អនុវត្ត​វិធានការ​ការពារ តាមរយៈ​ការរក្សា​គម្លាត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត យ៉ាងហោចណាស់​២​ម៉ែត្រ​។

​គោលការណ៍​ណែនាំ​ដែល​ចេញ​ដោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​អំពាវនាវ​ឲ្យ​តាម​បណ្តា​រដ្ឋ កត់ត្រា​ចំនួន​ករណី​ឆ្លង​ធ្លាក់ចុះ ១៤ ថ្ងៃ​ជាប់ៗ​គ្នា មុននឹង​បន្ត​ទៅមុខ​ជាមួយនឹង​ការបន្ធូរបន្ថយ ការ​រឹតបន្តឹង​ជា​បណ្តើរៗ​។ New York​និង New Jersey ដែលជា​រដ្ឋ​រង​នូវ​ការវាយលុក​ពី​វីរុស​កូរ៉ូណា​ខ្លាំងជាងគេ​នៅ​អាមេរិក មិនទាន់​ដក​វិធានការ​រឹតបន្តឹង​ចេញ​នៅឡើយ​ទេ ដោយ​នៅតែ​តម្រូវឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​តែ​ក្នុងផ្ទះ បើទោះបីជា​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​ក៏ដោយ​។ អភិបាលរដ្ឋ​New Jersey​ថ្លែងថា បទបញ្ជា​ដែល​តម្រូវឲ្យ​ពលរដ្ឋ​នៅ​ក្នុងផ្ទះ ដែល​បានដាក់​ជាថ្មី​នៅ​ថ្ងៃទី​២១​ខែ​មីនា នឹង​នៅតែ​រក្សា​រហូត​ដល់​ករណី​ឆ្លង​ធ្លាក់ចុះ​ចំនួន​១៤​ថ្ងៃ​ជាប់​គ្នា​។

​ស្រដៀង​គ្នា​នេះ អ៊ីតាលី​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​ទី​៣ និង​ករណី​ស្លាប់​ច្រើនជាងគេ​ទ​២ បាន​ដាក់ចេញ​នូវ​ផែនការ ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​បានដាក់​កាលពី ៧ សប្តាហ៍​មុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។ នាយករដ្ឋមន្ត្រី​លោក Giuseppe Conte និយាយ​នៅ​ថ្ងៃអាទិត្យ​ថា វិធានការណ៍​នេះ នឹង​ត្រូវបាន​បន្ធូរបន្ថយ​ចាប់ពី​ថ្ងៃទី ៤ ខែ​ឧសភា ដោយ​មនុស្ស​ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើដំណើរ នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​ប៉ុណ្ណោះ​។ សួនច្បារ រោងចក្រ​និង​កន្លែង​សាងសង់​នឹង​បើក​ជាថ្មី នៅ​ថ្ងៃទី​៤​ខែឧសភា​ខាងមុខ ប៉ុន្តែ​សាលារៀន​នឹង​មិនទាន់​បើក​ថ្នាក់រៀន​ឡើងវិញ​ទេ ត្រូវ​រងចាំ​រហូតដល់​ខែ​កញ្ញា​។ ចំណែក​ហាង​លក់រាយ​ជាច្រើន​ទៀត នឹង​បើក​រកស៊ី​ឡើងវិញ​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា រួមជាមួយ​សារមន្ទីរ​និង​បណ្ណាល័យ​ផង​។ ព្រះវិហ៊ា​រវិញ នាយករដ្ឋមន្ត្រី​មិនទាន់​អនុញ្ញាតឲ្យ​បើក​ដំណើរការ​នៅឡើយ​ទេ ខណៈ​ពិធី​បុណ្យសព​អាច​រៀបចំ​បាន តែ​កំណត់​ចំនួន​អ្នកចូលរួម​មិនឲ្យ​លើសពី​១៥​នាក់​ឡើយ​។ ដ្បិត​មាន​ការបន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ក៏ពិតមែន ប៉ុន្តែ​លោក​Giuseppe Conte នៅតែ​ណែនាំ​ឲ្យ​ប្រជាជន​រក្សា​អនាម័យ និង​រក្សា​គម្លាត​ពីគ្នា​យ៉ាងហោចណាស់​១​ម៉ែត្រ​។ 

​រីឯ​អេ​ស្ប៉ាញ​ដែល​ជាប្រទេស​មានករ​ណី​ស្លាប់​ច្រើនជាងគេ​ទី​៣​និង​ករណី​ឆ្លង​ច្រើនជាងគេ​ទី​២ មាន​ការបន្ធូរបន្ថយ​តិចតួច​បំផុត​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អេ​ស្ប៉ាញ​លោក​Pedro Sanchez​ថ្លែងថា លោក​ព្យាយាម​អនុវត្ត​ច្បាប់​ដាក់​ប្រទេស​ស្ថិតនៅក្នុង​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា រហូតដល់​ថ្ងៃទី​៩​ខែ​ឧសភា​។ ប៉ុន្តែ​ចន្លោះ​ពេលនេះ លោក​យល់ព្រម​បន្ធូរបន្ថយ​ចំពោះ​កុមារ ដោយ​អនុញ្ញាតឲ្យ​ពួកគេ​ចេញមក​ខាងក្រៅ​ផ្ទះបាន​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ខែ​មេសា តាម​សំណើ អាណាព្យាបាល និង​ក្រុម​គ្រូបង្រៀន​។ កុមារ​អេ​ស្ប៉ាញ អាច​ចេញមក​ខាងក្រៅ​ផ្ទះ​បានជា​លើកដំបូង បន្ទាប់ពី​រស់នៅ​ក្រោម​កា​រ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ទីក្រុង Madrid រយៈពេល​ជាង​១​ខែ ប៉ុន្តែ​ពួកគេ​នៅតែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត