កាលបរិច្ឆេទ​បើក​សាលារៀន​ឡើងវិញ​កំពុង​រង់ចាំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​

27-04-2020 3:33 pm 1101
  ស្តាប់
សាលារៀនមួយក្នុងចំណោមសាលាទូទាំងប្រទេស
ស្តាប់ជាសំឡេង

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​បច្ចុប្បន្នភាព​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា​” នា​ទីស្ដីការ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ​ថា ទាក់ទង​ទៅនឹង​ការបើក​សាលារៀន​ឡើងវិញ គឺ​គណៈកម្មការ​អន្តរក្រសួង បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រួតពិនិត្យ និង​សុំ​គោលការណ៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​...

​សំឡេង​លោក​ម៉ម ប៊ុនហេង​៖

​ពាក់ព័ន្ធ​ទៅនឹង​ការបើក​សាលារៀន​ឡើងវិញ​នេះ​ដែរ លោក​ឌី ខាំ​ប៉ូ​លី ក៏​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ថា ក្រសួង​អប់រំ បាន​នឹង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ អំពី​ស្ថានភាព​ជំងឺ​កូវី​ដ ១៩​នៅ​កម្ពុជា មុន​នឹង​សម្រេច​ថា នឹង​ត្រូវ​បើក​សាលារៀន​ឡើងវិញ​នៅពេលណា ហើយ​ក្រសួង​អប់រំ ក៏​បាន​ពិភាក្សា​ជាមួយនឹង​ក្រសួង​សុខាភិបាល​កម្ពុជា ក៏ដូចជា​រង់ចាំ​សេចក្តីណែនាំ​បន្ថែម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ មុន​នឹង​សម្រេច​ចិត្ត​បើក​សាលារៀន​ឡើងវិញ​។​

​ទោះបីជា​សាលារៀន​មិនទាន់​បើក​ដំណើរការ​ឡើង​វិញ​ក៏​ដោយ តែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅតែ ជម្រុញ​និង​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស ត្រូវ​ខិតខំ​រៀនសូត្រ​ពី​ចម្ងាយ ក៏ដូចជា​រៀនសូត្រ​តាម​អន​ឡា​ញ  តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ ក៏ដូចជា​តាម​ទូរទស្សន៍ ព្រោះ​ថា​ពេល​នេះ ក្រសួង​អប់រំ បាន​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន ដែល​ក្នុងនោះ សិស្សានុសិស្ស​ក៏​អាច​រៀន​បាន​តាមរយៈ​ប៉ុស្តិ៍​ទទ​ក​២ (TVK2)  ជាពិសេស​គឺ​សិស្សានុសិស្ស​នៅតាម​ទីជនបទ ដែល​ពុំ​មាន​បណ្តាញ​អ៊ី​ន​ធើ​ណេត​ប្រើប្រាស់​។  

​សូម​ជម្រាប​ជូន​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ បាន​ចេញ​សេចក្តីណែនាំ ឲ្យ​គ្រប់​គ្រឹះស្ថាន​ចំណេះ​ទូទៅ (​បឋមសិក្សា ដល់​មធ្យមសិក្សា​ទុតិយភូមិ​) និង​មត្តេយ្យ​សិក្សាគ្រប់​កម្រិត ទាំង​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មីនា តទៅ​រហូត​ដល់​មាន​ការជូន​ដំណឹង​សារជាថ្មី ដើម្បី​ជា​ការចូលរួម​បង្កា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕


ព័ត៌មានផ្សេងទៀត