កម្ពុជានឹងមានទូរទស្សន៍កីឡាកម្រិតឯកទេសលើកដំបូងចុងឆ្នាំ២០២០នេះ

26-04-2020 2:05 pm 451
  ស្តាប់
ស្តាប់ជាសំឡេង


កម្ពុជានឹងមានទូរទស្សន៍កីឡាកម្រិតឯកទេសកីឡាជាលើកដំបូង ដើម្បីសម្រួចគោលដៅពីបច្ចុប្បន្នរហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ទូរទស្សន៍កីឡាថ្មីនេះ មានឈ្មោះថា «ទូរទស្សន៍កីឡាកម្ពុជា» (CSTV-Cambodia Sports Television) ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  ហើយនឹងត្រូវបើកឱ្យដំណើការសាកល្បង នាចុងឆ្នាំ២០២០នេះ តាមរយៈអនឡាញជាបណ្តោះអាសន្នសិន។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងត្រូវការទូរទស្សន៍ឯកទេសមួយ ។ ទូរទស្សន៍ឯកទេសនោះ គឺត្រូវធ្វើការបណ្តុះបណ្តាល និងការរៀបចំទៅក្នុងកម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ថត ត្រូវមានលក្ខណៈពិសេសសម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឱ្យទូរទស្សន៍នេះជាទូរទស្សន៍ឯកទេស។

ជាមួយគ្នានេះ ទូរទស្សន៍កីឡាកម្ពុជាក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះនឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡានជាបណ្តើរៗសិន។

លោកបញ្ជាក់ថា ដើម្បីជំរុញឱ្យក្លាយទៅជាទូរទស្សន៍ជំនាញអាជីពវិជ្ជាជីវៈ  ដូច្នេះខាងកីឡាក៏មានវិជ្ជាជីវៈកីឡាដូចគ្នា ដើម្បីគោរពបាននូវស្តង់ដាមួយ នៅពេលស៊ីហ្គេម ហើយចំពោះប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវមានស្តង់ដាស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅបានដោយគ្មានអាជីពពិតប្រាកដ ឬគ្មានស្តង់ដានោះឡើយ”។ លោកបានលើកឡើងថា ការមិនមានស្តង់ដា គឺធ្វើឱ្យការផលិតនៃប្រព័ន្ធផ្សព្វផ្សាយកីឡានោះមិនអាចត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ។ ទូរទស្សន៍កីឡាថ្មីមួយនេះនឹងត្រូវផ្សាយតាមប្រព័ន្ធឌីហ្គីថលកម្រិតគុណភាពរូបភាពច្បាស់ល្អ HD ដែលអាស៊ានតម្រូវឱ្យប្រើប្រាស់ស្តង់ដាមួយនេះ ក្រោមការជួយរៀបចំនិងបណ្តុះបណ្តាលពីខាងក្រុមហ៊ុនមួយមកពីសាធារណរដ្ឋកូរ៉េ៕

 

 ពាក្យគន្លឹះ  ទូរទស្សន៍ស៊ីហ្គេម

ព័ត៌មានផ្សេងទៀត