មាន​ពាក្យ​​ចចាមអារ៉ាម​ថា​​លោក​គីម ជុង​អ៊ុន​​អាច​ស្លាប់​​ឬ​ឈឺ​ធ្ងន់​

26-04-2020 12:02 pm 1436

​មន្ទិលសង្ស័យ​បាន​កើតឡើង​កាន់តែខ្លាំង ជុំវិញ​បញ្ហា​សុខភាព​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ មាន​មន្ទិល​ដោយសារតែ​លោក​អ​វត្ដ​មាន​ជា​សាធារណៈ​ជាង​២​សប្ដាហ៍​ហើយ ពោលគឺ​ចាប់តាំងពី​ថ្ងៃ​លោក​បង្ហាញមុខ​ចុងក្រោយ ពេល​ធ្វើជា​អធិបតី​កិច្ចប្រជុំ​គណបក្ស​កាលពី​ថ្ងៃទី​១១​មេសា​។ ការណ៍​នេះ​ធ្វើឲ្យ​បណ្ដាញសារព័ត៌មាន​ចុះផ្សា​យ​ព័ត៌មានរ​ស៊ើបៗ​មួយចំនួន តាមរយៈ​ការយក​ប្រភពពី​ចិន​ពី​ជប៉ុន​មក​អះអាង​។ នោះ​គឺថា​មេដឹកនាំ​វ័យ​ប្រមាណ​៣៦​ឆ្នាំនេះ ទំនងជា​ស្ថិតក្នុង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ឬ​អាច​ស្លាប់​ផង​ក៏​ថា​បាន បន្ទាប់ពី​លោក​បាន​វះកាត់​សរសៃឈាម​បេះដូង ជា​ការវះកាត់​ដ៏​គ្រោះថ្នាក់​។​

​យ៉ាងណាមិញ​របាយការណ៍​ទាំងអស់នេះ នៅ​ពុំទាន់​មាន​ភាពច្បាស់​ការ​នោះទេ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដែលជា​អ្នក​តាម​តាន​មិន​ដាក់​ភ្នែក​លើ​កូរ៉េខាងជើង បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម ហើយ​និយាយថា​លោក​គីម ជុង​អ៊ុន​នៅតែ​ដឹកនាំ​ប្រទេស​ដដែល​។ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា ពុំបាន​ទទួល​ព័ត៌មាន​ខុស​ប្រក្រតី​ណាមួយ​នៅ​កូរ៉េខាងជើង​ឡើយ​។ 

​ចំណែក​មន្ដ្រី​នៃ​ប្រទេស​ចិន​ក៏បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម ដែលថា​លោក​គីម ជុង​អ៊ុន​ឈឺ​ធ្ងន់​ដែរ​។ ចំពោះ​ក្រុម​ចារកម្ម​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា បាន​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​លើ​ស្ថានភា​ពនៅ​កូរ៉េខាងជើង ប៉ុន្ដែ​លោក​ត្រាំ​និយាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា អាមេរិក​គ្មាន​ព័ត៌មាន​ដែល​អាច​ទុកចិត្ដ​បានទេ ទាក់ទង​នឹង​សុខភាព​លោក​គីម ជុង​អ៊ុន​។​

​ភាពមិនប្រាកដប្រជា​ទាំងអស់នេះ ក៏​ជំរុញឲ្យមាន​សំណួរ​ចោទ​សួរថា​អ្នកណា​អាច​នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង ប្រសិនបើ​លោក​គីម ជុង​អ៊ុន​ស្លាប់​មែន​។ ព័ត៌មាន​ពាក់ព័ន្ធ​គ្រួសារ​របស់លោក​គីម ជុង​អ៊ុន​គឺ​ស្មុគស្មាញ​ណាស់ ពោលគឺ​គេ​បានដឹង​តិចតួច​បំផុត​ពី​ស្ថានភាព​គ្រួសារ​របស់លោក​។ កូនៗ​របស់លោក​ដែល​កន្លងមក​គេ​ដឹង​មិន​ច្បាស់​ថា​ប្រហែល​បីនាក់​នោះ គឺ​នៅ​ក្មេង​ពេក​ក្នុង​ការធ្វើជា​អ្នកដឹកនាំ ប៉ុន្ដែ​ប្អូនស្រី​របស់លោក​អ្នកស្រី​គីម យ៉ូ​ចុង ត្រូវបាន​ចាត់ទុកជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់ អាច​គ្រប់គ្រង​ប្រទេស​បាន​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​សូមបញ្ជាក់ថា ពាក្យ​ចចាមអារ៉ាម​ពី​សុខភាព​លោក​គីម ជុង​អ៊ុន ចាប់​ផ្ទុះឡើង​ដំបូង​កាលពី​ថ្ងៃទី​១៥​មេសា ព្រោះតែ​មិនឃើញ​លោក​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​ជីតា គឺ​លោក​គីម អ៊ី​ល​សុង ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង​។ ថ្ងៃកំណើត​របស់លោក​គីម អ៊ី​ល​សុង គឺជា​ថ្ងៃ​ឈប់សម្រាក​សំខាន់បំផុត​របស់​កូរ៉េខាងជើង​។ បន្ទាប់មក​ក៏មាន​ពាក្យ​ចចាមអារ៉ាម​កាន់តែខ្លាំង នៅពេល​សារព័ត៌មាន​កូរ៉េខាងត្បូង​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បានទទួល​ការវះកាត់​បេះដូង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​វីឡា​មួយ​ក្រៅ​ទីក្រុង​ព្យុងយ៉ាង​។ របាយការណ៍​ព័ត៌មាន​នេះ​ពឹងផ្អែក​លើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​នៅ​កូរ៉េខាងជើង​។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​(Reuters)​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចិន​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ដ្រ​មួយក្រុម​ទៅកាន់​ប្រទេស​កូរ៉េខាងជើង និង​ណែនាំ​អំពី​សុខភាព​របស់លោក​គីម ជុង​អ៊ុន​។ ព័ត៌មាន​នេះ​ដកស្រង់​ចេញពី​ប្រភពបី ប៉ុន្ដែ​នៅ​មិនអាច​កំណត់​បាន​ទេពី​សុខភាព​របស់លោក​គីម ជុង​អ៊ុន ថា​លោក​ឈឺ​ធ្ងន់​ឬ​យ៉ាងណា ព្រោះ​មិនអាច​សុំ​ការបំភ្លឺ​បាន​។ រដ្ឋាភិបាល​ចិន​ក៏​មិន​ឆ្លើយតប​នឹង​ការស្នើសុំ​ឲ្យ​បកស្រាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យទ័រដែ​រ​។​

​ព័ត៌មាន​ភាគច្រើន​ទាក់ទង​នឹង​ប្រទេស​កូរ៉េខាងជើង គ្រប់​បណ្ដាញសារព័ត៌មាន​ទាំងអស់​ពិតជា​ពិបាក​កំណត់​ភាពច្បាស់​ការ​បាន​ណាស់ លើកលែងតែ​មាន​ការចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋរ​បស់​កូរ៉េខាងជើង​តែម្ដង​។ រដ្ឋាភិបាល​កូរ៉េខាងជើង​ក៏​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន ហើយ​បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​សំខាន់​ណាមួយ ពី​គ្រួសារ​របស់លោក​គីម ជុង​អ៊ុន​ឡើយ ដូចជា​អាយុ​លោក​គីម ជុង​អ៊ុន ស្ថានភាព​កូនៗ និង​ពេលវេលា​ដែល​លោក​រៀបការ​ជាដើម ហើយ​ការទទួលបាន​ព័ត៌មាន​ទាំងអស់នេះ​កន្លងមក​សុទ្ធតែ​ប្រហែល​ប៉ុណ្ណោះ​៕

ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត