ប្រធានាធិបតីបារាំងលោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa សុទ្ធតែស្ថិតក្នុងចំណោម អ្នកដែលបានចូលរួមកិច្ចពិភាក្សាតាមវីដេអូ ជាមួយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ដើម្បីដាក់ចេញនូវអ្វីដែល WHO ប្រកាសថាជា កិច្ចសហការដ៏សំខាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គោលបំណង ដើម្បីពន្លឿនការផលិតថ្នាំដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ការធ្វើតេស្តថ្នាំនិងវ៉ាក់សាំង ដើម្បីការពារវីរុស ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺសួត បង្កឡើងដោយវីរុសកូរ៉ូណាឬកូវីដ-១៩ និងធានាបាននូវការព្យាបាលស្មើៗគ្នា ទាំងចំពោះអ្នកមាននិងអ្នកក្រ។
កិច្ចប្រជុំដែលWHOឲ្យតម្លៃខ្ពស់នោះ មិនមានការចូលរួមពីប្រទេសធំៗតួយ៉ាងដូចជា អាមេរិក ចិន រុស្ស៊ីនិងឥណ្ឌាទេ។ អាមេរិក ខឹងទាំងចិននិងWHO និងចោទថារួមគ្នាលាក់បាំងពីភាពគ្រោះថ្នាក់ នៃវីរុសកូរ៉ូណា ដែលផ្ទុះដំបូងនៅក្នុងប្រទេសចិន មុនពេលពេលរាតត្បាតវាយលុកពាសពេញពិភពលោក តែចិននិងWHOបានបដិសេធ។ ចំណែករុស្ស៊ីបានចេញមកការពារចិន មិនទទួលយកការចោទប្រកាន់របស់អាមេរិកឡើយ។ លោក Macron បានជំរុញឲ្យក្រុមប្រទេស G7 និង G20ទាំងអស់ ស្ថិតនៅពីក្រោយគំនិតផ្តួចផ្តើមនេះ។ រួមគ្នាធ្វើជាជញ្ជាំងដ៏រឹងមាំ មិនថាទាំងចិននិងសហរដ្ឋអាមេរិក ហើយមិនគួរបែងចែកគ្នា ដើម្បីយកឈ្នះលើសត្រូវរួមឡើយ។
គេត្រូវត្រៀមទុកមុនរាល់វិធានការនានាឲ្យបានជាក់លាក់ ទាំងនៅដំណាក់កាលកំពុងផលិតថ្នាំ វ៉ាក់សាំងនិងធ្វើតេស្ត រហូតដល់ដំណាក់កាលទទួលបានផលិតផលសម្រេច ដើម្បីកុំឲ្យមានបញ្ហាកើតឡើង។ បទពិសោធន៍អំឡុងពេលផ្ទុះជំងឺផ្តាសាយH1N1ក្នុងឆ្នាំ២០០៩ជាមេរៀនស្រាប់។ កាលនោះមានការរិះគន់ថា ការចែកចាយថ្នាំបង្ការមិនមានសមភាពទេ ព្រោះប្រទេសអ្នកមានអាចបញ្ជាទិញថ្នាំបានច្រើនជាងប្រទេសអ្នកក្រ។ លោកស្រី Melinda Gatesសហប្រធាននៃមូលនិធិGates ដែលជាម្ចាស់ជំនួយធំទី ២ របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំមុនបានថ្លែងថា នៅពេលមានថ្នាំ វ៉ាក់សាំង គឺត្រូវមានទំនួលខុសត្រូវក្នុងការចែករំលែកដោយស្មើភាពគ្នា ព្រោះជីវិតមនុស្សម្នាក់ៗមានតម្លៃស្មើគ្នា។
នៅពេលនេះ មានវ៉ាក់សាំងដ៏មានសក្កានុពល សម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាជាង១០០ កំពុងត្រូវបានផលិត រួមទាំងវ៉ាក់សាំងចំនួន៦ បានធ្វើតេស្តរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Seth Berkleyនាយកប្រតិបត្តិនៃសម្ព័ន្ធភាពវ៉ាក់សាំងសកល GAVI។ ទន្ទឹមគ្នានោះ គេបានប្តេជ្ញាចិត្តជាសាកល ក្នុងការប្រមូលថវិកាឲ្យបាន៨,១០ពាន់លានដុល្លារ នៅក្នុងខែឧសភា ដើម្បីគាំទ្រដល់ការបង្កើនការងារលើការការពារ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីUrsula von der Leyenថ្លែងថា នេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែនឹងមានតម្រូវការថវិកាបន្ថែមទៀត នៅពេលខាងមុខ៕
ដោយ៖អ៊ុន សុខឡា