ក្រសួងការងារបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលបានឈប់សម្រាកថ្ងៃចូលឆ្នាំ

25-04-2020 2:50 pm 137

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលមកធ្វើការវិញ បន្ទាប់ពីពួកគេបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅ។ បើយោងតាមសេចក្តីប្រកាសចេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារបានឲ្យដឹងថា គិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា គឺមានរយៈពេលលើស១៤ថ្ងៃហើយ ដោយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះ អាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន។

ក្រសួងការងារបានបញ្ជាក់ទៀតថា ក្រោយការបិទបញ្ចប់មណ្ឌលត្រួតពិនិត្យសុខភាព កម្មកររោងចក្រទាំង១០កន្លែងនេះ ប្រសិនជាបងប្អូនកម្មករមានអាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ១១៥ ឬទូរស័ព្ទលេខ០១២ ៨២៥ ៤២៤។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ក្រសួងការងារបានសហការជាមួយក្រសួងសុខាភិបាល,រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែន រៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័កចំនួន៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។

ជាលទ្ធផល ក្រសួងនិងភាគីពាក់ព័ន្ធបានពិនិត្យសុខភាពកម្មករចំនួន៥០៤៥នាក់, ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៤៨២៣នាក់,ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ចំនួន៩៧នាក់,ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន១២៥នាក់,និងយកសំណាកទៅពិសោធបន្តចំនួន១២៥នាក់ ដោយមានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៥នាក់ និងអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន២០២នាក់ ទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ៕ ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត