នៅក្នុងប្រទេសកម្ពុជា មនុស្សមួយចំនួនមិនសូវហ៊ានដើរចេញទៅខាងក្រៅដូចពេលមុនៗឡើយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឬកូវីដ-១៩ ខណៈប្រជាជនក្នុងប្រទេសជាច្រើននៅក្នុងពិភពលោក បានរក្សាខ្លួននៅតែក្នុងផ្ទះ ទៅតាមបទបញ្ជារបស់រដ្ឋាភិបាលប្រទេសរបស់គេ ដើម្បីទប់ស្កាត់ការឆ្លង។ ការណ៍ដែលមនុស្សនាំគ្នានៅតែក្នុងផ្ទះ អាចនឹងធ្វើឲ្យរាងកាយបាត់បង់វីតាមីនD ដែលពួកគេធ្លាប់ទទួលបានពីពន្លឺព្រះអាទិត្យ។
វីតាមីនDមានសារសំខាន់សម្រាប់សុខភាពឆ្អឹង ធ្មេញនិងសាច់ដុំ។ កង្វះវីតាមីនDអាចបណ្តាលឲ្យមានជំងឺខូចទ្រង់ទ្រាយឆ្អឹងដែលត្រូវបានគេហៅថា rickets ចំពោះកុមារ និងស្ថានភាពខ្សោយឆ្អឹងដែលហៅថា osteomalacia ចំពោះមនុស្សពេញវ័យ។ ការសិក្សាខ្លះបានបង្ហាញថា វីតាមីនDជួយឲ្យមានភាពធន់នឹងជំងឺផ្តាសាយធម្មតានិងផ្តាសាយធំផងដែរ បើទោះបីមិនមានភស្តុតាងបង្ហាញថា វីតាមីន D ជួយបង្កើនប្រព័ន្ធភាពស៊ាំក៏ដោយ។ ពុំមានភស្តុតាងបង្ហាញថា វីតាមីន Dនេះ អាចបន្ថយហានិភ័យនៃការឆ្លងនិងឈឺ ដោយសារតែវីរុសកូរ៉ូណានោះទេ។ ប៉ុន្តែបើតាមអ្នកជំនាញគិតថា វាអាចមានអត្ថប្រយោជន៍ ក្នុងពេលកំពុងមានជំងឺរាតត្បាតនេះ ខណៈវីតាមីនDជួយលើកកម្ពស់សុខភាព។
សុខភាពសាធារណៈនៃប្រទេសអង់គ្លេស ណែនាំឲ្យប្រជាជនពិចារណាលេបថ្នាំគ្រាប់វីតាមីន D ប្រចាំថ្ងៃ ពេញមួយនិទាឃរដូវនិងរដូវក្ដៅ នៅពេលមេរោគនេះឆ្លងយ៉ាងឆាប់រហ័ស ដែលបង្ខំឲ្យមនុស្សនៅតែក្នុងផ្ទះ។ អំឡុងពេលនៅតែក្នុងផ្ទះ អ្នកអាចទទួលទានវីតាមីDជាប្រភេទថ្នាំបំប៉ន តែក្នុងបរិមាណប៉ុនណានោះ គួរពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបសុវត្ថិភាពជាង។ ក្រៅពីនោះ អ្នកអាចស្រូបយកវីតាមីនDតាមរយៈការទទួលអាហារ ដែលសម្បូរដោយវីតាមីននេះ មានខ្លាញ់ត្រី ស៊ុត ប៊័រផ្សំពីប្រេងរុក្ខជាតិ យ៉ាអួនិងធញ្ញជាតិ៕