ទឹកស្អាត​នៅ​ក្រុងភ្នំពេញ​មាន​គុណភាព​ល្អ​ដូច​នៅ​ជប៉ុន​ដែល​អាច​បរិភោគ​បាន​

23-04-2020 4:45 pm 322

​លោក​ហេង សុខ​គង់ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​អះអាង​ថា​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​មាន​គុណភាព​ដូច​ល្អ​ដូច​ទឹកស្អាត​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៣ ខែ​មេសា​នេះ​លោក​ហេង សុខ​គង់ បាន​បន្ថែមថា ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​ដែល​ហូរ​ចេញពី​ក្បាល​រ៉ូ​ប៊ីណេ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយ​ផ្ទាល់​តែម្តង​។ ទឹកស្អាត​ដែល​ហូរ​ចេញពី​ក្បាល​រ៉ូ​ប៊ីណេ​នៅ​ខេត្ត​សៀមរាបក៏​អាច​បរិភោគបាន​ដោយ​ផ្ទាល់​ផងដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្តថា​ពេល​ដែល​និយាយ​ពី​ទឹកស្អាត គឺជា​ទឹក​ដែល​ហូរ​កាត់​ប្រព័ន្ធ​បំពង់​ទុយោ មាន​ប្រព្រឹត្ត​កម្ម​ច្បាស់លាស់​។​ទឹកស្អាត​មិនមែនជា​ទឹក​ដែល​គ្រាន់តែ​អាជីវករ​ខ្លះ​បូម​ពី​ប្រភព​ទឹក ហើយ​យកទៅ​លក់​ហៅ​ថា​ទឹក​ស្អាត​ឡើយ​។​

​លោក​បាន​បន្ថែមថា ការធ្វើ​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ​គឺ​វែងឆ្ងាយ​ណាស់​មិនមែន​គ្រាន់​តែ​ដាក់​សាច់ជូ​ធ្វើឲ្យ​ទឹក​ថ្លា​អាច​យក​ទៅ​ប្រើប្រាស់​បាន​ទេ ពោល​មាន​ការសម្លាប់​មេរោគ​ការដកចេញ​សារធាតុ​គីមី រ៉ែ ព្រមទាំង​មាន​ប្រព័ន្ធ​សម្រាប់​ដកចេញ​មេរោគ​ផ្សេងៗ​ទៀតផង​។​

​គួរបញ្ជាក់​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ទឹកស្អាត​ទូទាំងប្រទេស​ចំនួន​២៩០ ក្នុងនោះ មាន​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ និង​សៀមរាប រដ្ឋាករទឹក​របស់​រដ្ឋ​មាន​ចំនួន​១១ និង​រដ្ឋាករទឹក​ឯក​ជន​របស់​អង្គការ World Bank ៕

 ពាក្យគន្លឹះ  ទឹកស្អាតបរិភោគបាន

ព័ត៌មានផ្សេងទៀត