ពលរដ្ឋខ្មែរដែលផុតកំណត់ស្នាក់នៅប្រទេសថៃ អាចបន្តស្នាក់នៅដោយគ្មានការផាកពិន័យ

23-04-2020 3:08 pm 199

ដោយសារតែការរឹតត្បិតនៃការធ្វើដំណើរផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ថារាជរដ្ឋាភិបាលថៃ បានសម្រេចអនុគ្រោះ ឲ្យពលរដ្ឋខ្មែរអាចបន្តស្នាក់នៅជាបណ្ដោះអាសន្ត ដោយមិនមានការផាកពិន័យឡើយ។ 

បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាពស្នាក់នៅ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay)ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើការនោះទេ។ 

ដោយឡែកពលករខ្មែរដែលនិយោជកបានបញ្ជូនបញ្ជីទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្តរបស់ថៃ តាមរយៈប្រព័ន្ធអនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២០។ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួននោះទេ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះស្ថានទូតកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសថៃ សូមបន្តចូលរួមសហការ អនុវត្តវិធានការនានា និងបម្រាមគោចរ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ឱ្យមានប្រសិទ្ធភាព និងត្រូវរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការវឹករាលដាលនៃជំងឺកូវីដ១៩៕ 

ព័ត៌មានផ្សេងទៀត