អាមេរិក​ប្រតិកម្ម​ចំពោះ​អ៊ីរ៉ង់ ដែល​បាញ់​ផ្កាយរណប​យោធា​ទៅក្នុង​តារា​វិថី​

23-04-2020 11:52 am 210
ផ្កាយរណបបាញ់ចេញពីវាលខ្សាច់

​អ៊ីរ៉ង់​បានចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា​បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ទីមួយ​របស់ខ្លួន ទៅកាន់​គន្លង​តារាវិថី​ដោយ​ជោគជ័យ នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​។ ផ្កាយរណប​ឈ្មោះថា​«Nur» បាន​បញ្ជូនទៅ​ដោយ​ម៉ាស៊ីន​បាញ់​បង្ហោះ​ឈ្មោះថា​Qased និង​បោះពួយ​ទៅក្នុង​តារាវិថី ស្ថិតនៅ​គម្លាត​ពី​ភពផែនដី​ចំនួន​៤២៥​គីឡូម៉ែត្រ​។ អ៊ីរ៉ង់​មាន​មោទនភាព​ចំពោះ​ជោគជ័យ​លើ​វិស័យ​អវកាស ថា​ជា​សមិទ្ធផល​ជាតិ​ដ៏​អស្ចារ្យ និង​ថា​ពួកគេ​អាច​មើល​ផែនដី​ពីលើ​មេឃ​ចាប់ពី​ថ្ងៃនេះ​តទៅ​។ មន្ត្រី​អ៊ីរ៉ង់​បាន​អួត​ពី​ម៉ាស៊ីន​បាញ់​បង្ហោះ​ផ្កាយរណប​Qased ដែល​ខ្លួន​បាន​រចនា​ឡើង ថា​មានតែ​មហាអំណាច​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​ធ្វើបាន​។ យ៉ាងណាក៏ដោយ ភាពជោគជ័យ​នេះ គ្រាន់តែ​ជា​ការបញ្ជាក់​ពី​អ៊ីរ៉ង់​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​ពុំមាន​របាយការណ៍​ឯករាជ្យ​ណាមួយ អាច​ផ្ទៀងផ្ទាត់​បាន​នៅឡើយ​ទេ​។ 

​ភាពជោគជ័យ​ដែល​អ៊ីរ៉ង់​បានប្រកាស តែ​មិន​ទទួល​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​មួយចំនួន តួយ៉ាង​ដូចជា​អាមេរិក​ជាដើម​។  អាមេរិក​ព្រួយបារម្ភ ថា​បច្ចេកវិទ្យា​ដែល​ប្រើ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប អាចជួយ​អ៊ីរ៉ង់​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBMs) ព្រោះ​បច្ចេកវិទ្យា​នេះ ស្រដៀង​នឹង​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​បាញ់​អាវុធ​នុយក្លេអ៊ែរ​។ អាមេរិក​អះអាងថា​ការបាញ់​បង្ហោះ​បែបនេះ គឺ​រំលោភ​លើ​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែល​អំពាវនាវ​ដល់​អ៊ីរ៉ង់ កុំឲ្យ​ធ្វើ​សកម្មភាព​ណាមួយ​ទាក់​ទងនឹង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​។ តែ​អ៊ីរ៉ង់​បាន​បដិសេធ​ចំពោះ​ការ​ចោទថា​បាន​រំលោភ​លើ​សេចក្តីសម្រេច ហើយ​បាន​ទទូចថា​កម្មវិធី​អវកាស​របស់ខ្លួន ស្ថិតក្រោម​គោលការណ៍​សន្តិភាព​សុទ្ធសាធ និង​ថា​ខ្លួន​គ្មាន​ចេតនា​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ទេ​។ 

​ភាពជោគជ័យ​ដែល​ប្រកាស​ដោយ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ ជា​កងកម្លាំង​យោធា​ដ៏​មាន​ឥទ្ធិពល​នៅ​អ៊ីរ៉ង់ ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​បាន​រា​ជ័យ​នៅក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​សង្កេតការណ៍ ដែលមាន​ឈ្មោះថា Zafar កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០​។ ដោយឡែក​កាលពី​ឆ្នាំមុន អ៊ីរ៉ង់​បាន​បរាជ័យ​នៅក្នុង​ការ​បង្ហោះ​ផ្កាយរណប​ផ្សេងទៀត​ចំនួន​២​លើក​ដែរ ក៏ដូចជា​ការជួប​ឧបសគ្គ​ផ្ទុះ ដោយបាន​បំផ្លាញ​យាន​បាញ់​បង្ហោះ​ផ្កាយរណប​៕ 

ព័ត៌មានផ្សេងទៀត