រដ្ឋាភិបាល​ទម្លាក់​ថវិកា​៥០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម​-​ចិញ្ចឹមសត្វ​

23-04-2020 10:47 am 277

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ​៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្ដល់​ឥណទាន​មាន​ការប្រាក់​ទាប ដល់​វិស័យ​កសិកម្ម ដូច​ជា​ការ​ចិញ្ចឹមសត្វ​, ចិញ្ចឹម​ត្រី និង​ដាំ​ដុះ​បន្លែ​ជាដើម​។​

​នេះ​បើ​តាម​ការបញ្ជាក់ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី «​កម្ចី​ដែល​មាន​ការប្រាក់​ទាប ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក្នុងស្ថានភាព​ដែល​រាជរដ្ឋាភិបាល កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩» រវាង អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឲ្យដឹងថា ពាក់ព័ន្ធ​កញ្ចប់​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម​នេះ ជា​ការគិតគូរ​របស់​រាជរដ្ឋាភិបាល ក្នុង​ជួយ​ជំរុញ​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​។ លោក​បន្តថា ចាប់តាំងពី​ផ្ទុះឡើង​នៃ​ជំងឺ​កូវី​ដ​១៩​មក វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ពុំបាន ថមថយ​នោះ​ឡើយ មាន​តែ​កើនឡើង តែ​ក្នុង​កម្រិត​មួយ​ទាប​។ តែ​យ៉ាងណា តាមរយៈ​ការទម្លាក់​ថវិកា​នេះ គឺជា​ការជំរុញ​បន្ថែមទៀត និង​ផ្តល់​ក្តីសង្ឃឹម​ថា នឹង​ទទួលបាន​ជោគជ័យ ពី​ការ​ចិញ្ចឹមសត្វ​នេះ​។​

​លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានបញ្ជាក់​ថា សម្រាប់​កម្ចី​នេះ នឹង​ផ្ដល់ជូន​ដល់​ក្រុមហ៊ុន មាន​ទុន​វិនិយោគ​មិន​លើស​ពី​៣០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ក្រុមហ៊ុន អត្រា​ការប្រាក់​៦.៥​ភាគរយ និង​សម្រាប់​ទុន​បង្វិល​ខ្ពស់បំផុត​២០​ម៉ឺន​ដុល្លារ ដែល​មាន​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត