Facebook​​ចាប់ដៃ​​ជាមួយ​​ក្រុមហ៊ុន​ឌីជីថល​​ឥណ្ឌា​​បង្កើត​សេវាកម្ម​ថ្មី​

22-04-2020 4:58 pm 166
រូបភាពបង្ហាញកម្មវិធីហ្វេសប៊ុក

​ក្រុមហ៊ុន​Facebook​ទើបតែ​បានប្រកាសថា បាន​វិនិយោគ​ប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​ក្រុមហ៊ុន​Jio Platforms Limited ជា​ក្រុមហ៊ុន​ឌីជីថល និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Indian conglomerate Reliance Industries Limited (RIL)​របស់​ឥណ្ឌា​។ តាមរយៈ​ការវិនិយោគ​នេះ បានធ្វើឲ្យ​ក្រុមហ៊ុន​Facebook ចូលរួមចំណែក​ភាគហ៊ុន​ជាមួយ​Jio​ផងដែរ​។​

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ឥណ្ឌា​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​ការផ្លាស់ប្ដូរ​សង្គម​និង​សេដ្ឋកិច្ច មាន​ភាពស្វាហាប់​បំផុត​ដែល​ពិភពលោក​មិន​ធ្លាប់​បានឃើញ​។ ក្នុង​រយៈពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ ប្រជាជន​ជាង​៥៦០​លាន​នាក់​នៅ​ឥណ្ឌា អាច​ភ្ជាប់​ចូល​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​តបាន​។ ដូច្នេះ​ជាមួយនឹង​កិច្ចសហប្រតិបត្ដិការ​ថ្មី ក្រុមហ៊ុន​Facebook​និង​Jio នឹង​ផ្ដោតលើ​ការបង្កើត​វិធីសាស្ដ្រ​ថ្មីៗ​សម្រាប់​មនុស្ស​និង​ក្រុមហ៊ុន ដើម្បី​អាចធ្វើ​ប្រតិ​បត្ដិកា​រ​ក្នុង​ក្រុមហ៊ុន​ឌីជីថល​នេះ​បាន​។ 

​ឧទាហរណ៍​ដូចជា​JioMart ដែលជា​គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​ខ្នាតតូច​មួយ​របស់​RIL អាច​ត្រូវបាន​រួមបញ្ចូល​ជាមួយ​កម្មវិធី​ផ្ញើ​សារ​WhatsApp ដើម្បី​អាចឲ្យ​មនុស្ស​ភ្ជាប់​ទំនាក់ទំនង​ជាមួ​យ​ក្រុម​ហ៊ុន និង​ទិញ​ផលិតផល​តាមរយៈ​ទូរស័ព្ទដៃ​។ ក្រៅពីនេះ​នៅមាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត