លោកប្រាក់សុខុននឹងប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-អាមេរិកអំពីការប្រយុទ្ធប្រឆាំងកូវីដ-១៩

22-04-2020 11:09 am 190

លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video conference) ស្តីពី”កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ 

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសានេះ បានឲ្យដឹង ថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០កន្លងទៅ។ 

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីការបរទេសអាស៊ាន និងលោកម៉ៃឃើល ផុមផេអូ រដ្ឋមន្រ្ដីការបរទេសអាមេរិក នឹងផ្លាស់ប្ដូរទស្សនៈទៅវិញទៅមក នឹងពិភាក្សាអំពីវិធីសាស្រ្ដនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នា ទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងក្របខណ្ឌភាពជាដៃគូរយុទ្ធសាស្រ្ដអាស៊ាន-អាមេរិក។ កិច្ចពិភាក្សា ក៏នឹងផ្ដោតផងដែរ ទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្ន វិស័យសុខាភិបាលសាធារណៈ ដែលជាសេចក្ដីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ នៅក្នុងតំបន់រយៈពេលវែង។ 

បើតាមក្រសួងការបរទេសកម្ពុជា គឺកិច្ចប្រជុំនេះនឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្ដ រវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខា ភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក៕

ដោយៈឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត