គេងច្រើនលើស៨ម៉ោង ប៉ះពាល់អ្វីខ្លះដល់សុខភាព?

21-04-2020 5:30 pm 414
  ស្តាប់
ស្តាប់ជាសំឡេង

ការគេង គឺជារឿងដែលសំខាន់បំផុតសម្រាប់សុខភាព ដើម្បីបំពេញបន្ថែមថាមពល ដែលរាងកាយត្រូវការ ជាងការញ៉ាំអាហារទៅទៀត ។ ការគេងលក់ឆ្អែតគ្រប់គ្រាន់ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ វាអាចជួយឲ្យរាងកាយនឹងខួរក្បាលរបស់មនុស្សបានសម្រាក ថែមទាំងជាគន្លឹះសំខាន់ក្នុងការជំរុញឲ្យរាងកាយ មានថាមពលគ្រប់គ្រាន់ សម្រាប់សកម្មភាពប្រចាំថ្ងៃ ។

ប៉ុន្តែយ៉ាងណា បើទោះបីជាការគេងផ្ដល់ផលល្អចំពោះសុខភាពខ្លាំងក៏ដោយ ប៉ុន្តែបើអ្នកគេងច្រើនជ្រុលហួសកម្រិត វាក៏មិនបានផ្ដល់ផលល្អចំពោះសុខភាពអ្នកដែរ មានតែធ្វើឲ្យសុខភាពធ្លាក់ដុនដាបទៅវិញ។ បើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក បានបង្ហាញថា ការគេងកាន់តែច្រើន មានគ្រោះថ្នាក់កាន់តែខ្លាំង ជាពិសេសប្រសិនបើអ្នកទម្លាប់គេង លើសពី៨ម៉ោងជារៀងរាល់ថ្ងៃ អាចបង្កើនហានិភ័យឆាប់ស្លាប់កើនដល់២៨ភាគរយ ចំពោះបុរស និងស្ត្រី៤០ភាគរយ។

យ៉ាងណាមិញ ប្រសិនបើចង់មានសុខភាពល្អ រាងកាយមាំមួន អ្នកមិនត្រូវគេងយូរពេក ឬតិចពេកនោះឡើយ ពោលគឺជាធម្យមត្រឹម៧ ទៅ៨ម៉ោង ក្នុងមួយយប់ គឺជាការប្រសើរ។ ក្នុងករណីគេងលើសពី៨ម៉ោង ក្រុមអ្នកស្រាវជ្រាវ ជាច្រើនប្រទេសបានឲ្យដឹងថា អ្នកនឹងប្រឈមមុខនឹងហានិភ័យសុខភាពជាច្រើនដូចខាងក្រោម៖

១ ប៉ះពាល់ដល់ខួរក្បាល

តាមការសិក្សាមួយនៅឆ្នាំ២០១២ បានរកឃើញថាក្នុងចំណោមស្ត្រីវ័យចំណាស់ ដែលគេងច្រើនពេក (ឬតិចពេក) អាចធ្វើឲ្យមុខងាររបស់ខួរក្បាលធ្លាក់ចុះ ការចងចាំ។ ស្ត្រីដែលគេងច្រើនជាង៨ម៉ោងក្នុងមួយយប់ អាចធ្វើឲ្យផ្លាស់ប្ដូរការគិត យឺតជាងអាយុ២ឆ្នាំ។

២ ធ្វើឲ្យស្រ្តីពិបាកមានផ្ទៃពោះ

នៅឆ្នាំ២០១៣ ក្រុមអ្នកស្រាវជ្រាវរបស់កូរ៉េខាងត្បូង បានវិភាគលើទម្លាប់គេងរបស់ស្ត្រី ជាង៦៥០នាក់ ដែលកំពុងបង្កកំណើត។ គេបានរកឃើញថា អត្រានៃការមានផ្ទៃពោះរបស់ស្រ្តីខាងលើ មានច្រើនជាងស្ត្រីដែលគេងបាន៧ ទៅ៨ម៉ោងក្នុងមួយយប់ ហើយស្ត្រីដែលគេងបាន១១ម៉ោង កាន់តែមានផលពិបាកខ្លាំងទៅទៀត។

៣ លើសទម្ងន់

អ្នកស្រាវជ្រាវក៏បានរកឃើញដូចគ្នាថា មនុស្សដែលមានជំងឺលើសទម្ងន់ និងឡើងជាតិខ្លាញ់ ភាគច្រើនជាអ្នកគេងច្រើន។ ពួកគេបានរកឃើញទៀតថា ការគេងរយៈពេលខ្លី និងរយៈពេលយូរ អាចឡើងទម្ងន់ច្រើនជាងមនុស្សបានគេង៧ ទៅ៨ម៉ោងក្នុងមួយយប់។

៤ ប្រឈមនឹងជំងឺទឹកនោមផ្អែម

ការសិក្សាមួយទៀត នៅប្រទេសកាណាដា ត្រូវបានរកឃើញថា មនុស្សដែលគេងលើស៨ម៉ោងក្នុងមួយយប់ អាចវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែម លើសអ្នកគេងបាន៧ម៉ោង ដល់ទៅពីរដង។

៥ ប្រឈមមុខនឹងជំងឺបេះដូង

នៅក្នុងការស្រាវជ្រាវមួយទៀត របស់មហាវិទ្យាល័យអាមេរិក លើទិន្នន័យមនុស្សជាង៣០០០នាក់ បានឲ្យដឹងថាអ្នកជំងឺបេះដូង ឬអ្នកជំងឺសរសៃឈាមបេះដូង ពួកគេសុទ្ធតែបានគេងលើស៨ម៉ោង ឬច្រើនជាងនេះរៀងរាល់យប់ ។

៦ ឈឺខ្នង

នៅពេលអ្នកគេងច្រើនម៉ោងពេក សម្ពាធក្នុងឆ្អឹងកងខ្នង អាចនឹងកើនឡើយ។ ក្រោយភ្ញាក់ពីគេង រយៈពេលច្រើនម៉ោងមក អ្នកប្រហែលជាមានអារម្មណ៍ថា ឆ្អឹងខ្នងដូចជាគាំងជាមិនខាន។ ក្រៅពីនេះ បើសិនជាអ្នកកំពុងតែ មានអាការៈឈឺខ្នងរ៉ាំរ៉ៃរួចហើយ អាការៈនេះ អាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។

៧ ជំងឺបាក់ទឹកចិត្ត

តាមការសិក្សាមួយនៅឆ្នាំ២០១៤ អ្នកស្រាវជ្រាវបានរកឃើញថា ការគេងរយៈពេលយូរ ធ្វើឲ្យមានកំណើនហានិភ័យនៃជំងឺបាក់ទឹកចិត្ត។ ការសិក្សានោះបានឲ្យដឹងថា អ្នកគេងលើស៨ម៉ោងក្នុងមួយយប់ មានអត្រា២៧%នៃជំងឺបាក់ទឹកចិត្ត ខណៈអ្នកគេងច្រើនជាងនេះទៀត អាចមានអត្រាជំងឺនេះ ដល់ទៅ៤៩%៕ 

ព័ត៌មានផ្សេងទៀត