លោក​ហ៊ុន សែន​​រំលឹក​ពលរដ្ឋ​ឲ្យ​ថែរក្សា​អនាម័យ​ ដើម្បី​បង្ការ​កូវី​ដ​-១៩​​

21-04-2020 3:15 pm 192

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ត្រូវ​ថែរក្សា​អនាម័យ​ឲ្យបាន​ល្អ​ជានិច្ច ដោយ​ចាំបាច់​ត្រូវ​ប្រើ​ម៉ាស​ពាក់​ការពារ​គ្រប់​ទីកន្លែង និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​មុនពេល​ប៉ះពាល់ និង​ក្រោយពេល​ប៉ះពាលក់​របស់របរ ឬ​វត្ថុ​អ្វីមួយ​នៅតាម​ទីផ្សារ និង​តាម​ទីធ្លា​សាធារណៈ​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​វិរិស​កូវី​ដ​-១៩​។​

យោងតាម​គណនី​ហ្វេ​សប៊ុក​ផ្លូវការ របស់​លោកនាយ​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១ ខែមេសា​នេះ លោក​បាន​ថ្លែងថា “ រាល់​វិនាទី និង​ជា​រៀងរាល់ថ្ងៃ សូម​ប្រជាពលរដ្ឋ​ត្រូវ​ចងចាំ​និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​សុខភាព​ដែលជា​អាយុជីវិត​ផ្ទាល់​(​ប្តី​ប្រពន្ឋ កូនចៅ និង​ក្រុមគ្រួសារ​) ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធប្រឆាំង​កម្ចាត់​ជំងឺ​ឆ្លងកូវី​ដ ១៩”​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្តទៀតថា “​សូម​យក​ជាប់​តាម​ខ្លួន​រាល់ពេល​ធ្វើដំណើរ​នូវ​ម៉ាស ទឹក​អាល់កុល និង​ជឹល​សម្លាប់​មេរោគ និង​បាក់តេរី​ផ្សេងៗ​។ បងប្អូន​ត្រូវ​ប្រើ​ម៉ាស​ពាក់​ការពារ​គ្រប់​ទីកន្លែង និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​មុនពេល​ប៉ះពាល់ និង​ក្រោយពេល​ប៉ះពាលក់​របស់របរ ឬ​វត្ថុ​អ្វីមួយ​នៅតាម​ទីផ្សារ និង​តាម​ទីធ្លា​សាធារណៈ​ដែល​យើង​មិនដឹងថា​តើ​របស់របរ​និង​សម្ភារៈ​ទាំងនោះ​ត្រូវបាន​ប៉ះពាល់​ដោយ​អ្នកមាន​មេរោគ​ឆ្លងកូវី​ដ​១៩​ឬទេ​”​។​

​ជាមួយគ្នា​នោះ លោក​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ត្រូវការពារ​ខ្លួន​កុំ​នាំយក​មេរោគ​ឆ្លងទៅ​គេ និង​សូមកុំ​នាំ​មេរោគ​ពី​គេ​មក​ខ្លួនឯង និង​ទៅកាន់​ក្រុមគ្រួសារ ហើយ​ត្រូវមាន​អនាម័យ​សុខភាព​ខ្ពស់​ជាប្រចាំ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជានិច្ច​។​

​សូមបញ្ជាក់​ផងដែ​រថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ កម្ពុជា​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​១២២​នាក់ ក្នុងនោះ ១១០​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​នេះ​រួចហើយ​៕​

ព័ត៌មានផ្សេងទៀត