ប្រធានាធិបតីចិនលោកស៊ី ជីនពីងនិងប្រធានាធិបតីរុស្ស៊ីលោកវ៉ាល្លា ឌឺមៀពូនទីន បានទូរស័ព្ទរកគ្នា ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ជាពិសេសវិបត្តិវីរុសកូរ៉ូណាឬកូវីដ-១៩ កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២០។ វិមានក្រឹមឡាំងឲ្យដឹងថា លោកពូទីននិងលោកស៊ី បានបញ្ចេញសំឡេងព្រមគ្នា ច្រានចោលការចោទថា ចិនលាក់បាំងព័ត៌មាននៃការផ្ទុះវីរុសកូរ៉ូណា ពន្យារពេលជូនដំណឹងពីវីរុសនេះទៅកាន់ពិភពលោក រហូតហៀរចេញពាសពេញពិភពលោកទៅហើយ ទើបប្រកាសតាមក្រោយ។ ចំណែកប្រភពពីសារព័ត៌មានស៊ីនហួរបស់រដ្ឋចិនវិញ បានដកស្រង់សម្តីលោកស៊ីព្រមានថា ការចោទបែបនេះ ធ្វើឲ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្ព័ន្ធមិត្តទាំងពីរ មិនបាននិយាយចំឈ្មោះអ្នកដែលរិះគន់និងទិតៀនចិននោះទេ ប៉ុន្តែទំនងចង់សំដៅលើលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ ថ្មីៗនេះ លោកត្រាំបានស្តីបន្ទោសចិនពេញៗមាត់ថា មិនប្រញាប់ប្រញាល់បញ្ចេញព័ត៌មានឲ្យបានឆាប់រហ័សទៅកាន់ពិភពលោក ពីការលេចឡើងនៃវីរុសរាតត្បាត និងគ្រោះថ្នាក់ដែលបង្កដោយវីរុសថ្មីនេះ ដើម្បីឲ្យគ្រប់គ្នាប្រុងប្រយ័ត្ននិងការពារបានទាន់ពេលវេលា។ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែស៊ើបអង្កេតវែករកប្រភពដើម នៃវីរុសដែលសម្លាប់ប្រជាជនអាមេរិកកើនដល់ជាង៣៤,០០០នាក់និងឆ្លងជាង៦៧ម៉ឺននាក់ផងដែរ។ កំហឹងរបស់លោកត្រាំបានរាលដាលដល់អង្គការសុខភាពពិភពលោក ថាបានកាន់ជើងចិននិងបិទបាំងពីភាពធ្ងន់ធ្ងរនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន មុនពេលរាលដាលទូទាំងពិភពលោក។ ដោយសារបញ្ហានេះ ជំរុញឲ្យលោកត្រាំ ប្រកាសផ្អាកផ្តល់ជំនួយ ទៅអង្គការសុខភាពពិភពលោកទៀតផង។
លោកពូទីនមិនជឿលើការនិយាយរបស់លោកត្រាំឡើយ ផ្ទុយទៅវិញលោកថា ការប៉ុនប៉ងដោយនរណាម្នាក់ នៅក្នុងការនិយាយបង្ខូចចិន ពាក់ព័ន្ធនឹងវីរុសនេះ គឺមិនអាចទទួលយកបានទេ។ លោកពូទីនថែមទាំងសរសើរ ចំពោះវិធានការដោះស្រាយវិបត្តិកូរ៉ូណានៅក្នុងប្រទេសចិន ប្រកបដោយប្រសិទ្ធភាព ដោយក្នុងចំណោមករណីឆ្លងជាង៨២,០០០នាក់ ចិនបានព្យាបាលជាសះស្បើយជាង៧៧,០០០នាក់ហើយ និងមានករណីស្លាប់ជាង៣,៣០០នាក់។ លោកពូទីននិងលោកស៊ីក៏បានសង្កត់ធ្ងន់ទៅលើ ភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគ្នាក្នុងពេលមានជំងឺរាតត្បាត ដោយផ្លាស់ប្តូរអ្នកឯកទេសនិងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ការពារនិងថ្នាំពេទ្យ។ រុស្ស៊ីពេលនេះ មានកណីឆ្លងវីរុសកូរ៉ូណាជាង២៧,០០០នាក់និងស្លាប់ជាង២០០នាក់ ។
គួរជម្រាបជូនដែរថា ចាប់តាំងពីវីរុសកូរ៉ូណាបង្ហាញវត្តមានលើកដំបូង នៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ វាបានសម្លាប់មនុស្សជាង ១៤០,០០០ នាក់ និងឆ្លងជាង២លាននាក់នៅទូទាំងពិភពលោក។ វីរុសកូរ៉ូណា បានរាតត្បាតធ្វើឲ្យពិភពលោកទាំងមូលមានភាពវឹកវរ ដែលបង្ខំឲ្យមនុស្សជាតិពាក់កណ្តាល បង្ឃាំងខ្លួនឯងនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងស្ថានភាពអាក្រក់៕ ដោយ៖អ៊ុន សុខឡា