ក្រសួងការបរទេសបន្តផ្អាកមិនឲ្យជនបរទេសមកពី ៦ប្រទេសចូលកម្ពុជា

17-04-2020 11:14 am 822

 ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស ។

នៅក្នុងលិខិតដែលចេញនៅថ្ងៃទី ១៦ ខែមេសា ក្រសួងការបរទេស បានបញ្ជាក់ទៅកាន់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស កម្ពុជាប្រចាំនៅបរទេស បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចពន្យារសុពលភាពនៃវិធានការក្នុងផ្អាក មិនឲ្យជនបរទេស ដែលមកពី បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិកចូលមកកម្ពុជា។ ជាមួយគ្នានេះ ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានជាបន្តទៅទៀត។

ក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹងថា រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក។

គួរបញ្ជាក់ថា ក្រៅពីវិធានការនេះ កម្ពុជាក៏បានប្រកាសសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ ក្នុងនោះមាន ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សម្រាប់ភ្ញៀវបរទេសទាំងអស់ដែលចង់មកប្រទេសកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្អាកនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕

 

ព័ត៌មានផ្សេងទៀត