គណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០បានស្នើដល់អង្គនីតិប្បញ្ញត្តិ អនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម (បរិមាណទុនបម្រុងរបស់ជាតិ ឬបរិមាណកម្ចីបន្ថែម)ដើម្បីរាជរដ្ឋាភិបាលអាចមានធនធានហិរញ្ញគ្រប់គ្រាន់ ក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលមេរោគកូវីដ-១៩ និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខស្បៀងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។
ការដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានខាងលើនេះ ព្រោះតែគណបក្សនេះសង្កេតឃើញថា វិបត្តិកូវីដ-១៩ កំពុងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលដូចជា៖វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គមកិច្ច សន្តិសុខស្បៀង វិបត្តិហិរញ្ញវត្ថុ ហើយច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មិនមានខ្ទង់ចំណាយសម្រាប់ដោះស្រាយ ផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិដែលបណ្តាលមកពីវិបត្តិកូវីដ-១៩នោះទេ។
ទាក់ទងទៅនឹងការស្នើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដល់អង្គនីតិប្បញ្ញត្តិឲ្យអនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមនេះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាលមានកញ្ចប់រួចហើយសម្រាប់គ្រាអាសន្ន និងមានការតៀមថវិកាបម្រុងទាំងនៅក្នុងនិងក្រៅប្រទេសផងដែរ ហើយរាជរដ្ឋាភិបាលចាយអ្វីដែលមាន មិនចាយឲ្យអស់ប្រាក់សន្សំនោះទេ...
សំឡេងលោកផៃ ស៊ីផាន៖
សូមជម្រាបជូនដែរថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាសរុបប្រមាណ៨,២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គ្រប់គ្រងរដ្ឋ។មួយវិញទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណពី៨០០ ទោ២,០០០លានដុល្លារអាមេរិកផងដែរ ដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ទៅតាមដំណាក់កាលនៃការវាយប្រហាររបស់មេរោគកូវីដ-១៩។
សូមបញ្ជាក់ដែរថា កញ្ចប់ថវិការពិសេសបន្ថែម ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើនោះ គឺសម្រាប់រដ្ឋាភិបាលអាចអនុវត្តគោលនយោបាយដោះស្រាយបញ្ហាចំនួន៥ រួមមានដូចជា៖
១.ថវិកា ជាទុនកម្ចីបន្ថែមដែលមានអត្រាការប្រាក់ទាបបំផុត សម្រាប់អនុវត្តគោលនយោបាយហិរញ្ញវត្ថុ ជួយធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុសម្រួលដល់ការផ្អាកបង់រំលស់ប្រចាំខែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លីមួយ
២.ឧបត្ថម្ភដល់កម្មករ បុគ្គលិកទាំងក្នុង និងក្រៅប្រព័ន្ធដែលអត់ការងារធ្វើដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយក្នុងនោះប្រជាពលរដ្ឋ ១នាក់ គួរទទួលបានចាប់ពី៥០ ម៉ឺនរៀល ក្នុងមួយខែ ក្នុងរយៈពេលកំណត់មួយ តាមរយៈការប្រើប្រាស់មួយចំណែក នៃថវិកាត្រៀមរបស់រាជរដ្ឋាភិបាលចំនួន២,០០០លានដុល្លារ
៣.ថវិកាសម្រាប់គាំទ្រដល់កសិករ បង្កើនការផលិតទូទាំងប្រទេស និងបែងចែកស្បៀង(ជាពិសេសបន្លែ ស៊ុត សាច់) ភ្ជាប់ជាមួយនឹងការបញ្ជូនគ្រូកសិកម្មល្អៗចំនួន ៥០០នាក់ ដើម្បីជួយដល់កសិករផលិត ដែលមានចំនួន ៣០,០០០នាក់ ។ថវិកាសម្រាប់គាំទ្រដល់កសិករ ពិសេសដោះស្រាយបញ្ហាទឹក ទុន ការប្រមូលផ្តុំផលិតផល និងដឹកជញ្ជូនមកទីផ្សារ
៤.ថវិកាសម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឲ្យមានស្រូវស្តុកទុកគ្រប់គ្រាន់ក្នុងតម្លៃសមរម្យមួយសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ រហូតដល់រដូវប្រមូលផលក្រោយ
៥.ថវិកាសម្រាប់គាំទ្រដល់ក្រុមហ៊ុន សហគ្រាស ដែលរងផលប៉ះពាល់ តាមរយៈការអនុគ្រោះពន្ធ ការកាត់បន្ថយចំណាយលើអគ្គិសនី និងការឧបត្ថម្ភធនផ្សេងៗទៀត៕