ថៃ​ព្យួរទោស​​អ្នក​ជាប់ឃុំ​​ជាង​៨​ពាន់​នាក់​​ចន្លោះពេល​​ផ្ទុះ​កូវី​ដ​-១៩

15-04-2020 11:13 am 246

​នាយកដ្ឋាន​កែប្រែ​នៃ​ប្រទេស​ថៃ​បានសម្រេច​ព្យួរ​ការកាត់ទោស​ដាក់ពន្ធនាគា​រ អ្នកទោស​ចំនួន​ជាង​៨​ពាន​នាក់​ទូទាំងប្រទេស ដើម្បី​កាត់បន្ថយមនុស្សច្រើន​ក្នុង​ពន្ធនាគារ​ចន្លោះពេល​ឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩​។ ប្រធាន​នាយកដ្ឋាន​កែប្រែ​លោក​Naras Savestanan​បាន​បញ្ជាក់ថា ពេលនេះ​កំពុង​មានកា​រ​ពន្លឿន​ដំណើរការ​ផ្ដល់​ការព្យួ​រ​ទោសឬ​កាត់​បន្ថយទោស ដល់​អ្នកទោស​ដែលមាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់ រួមទាំង​អ្នក​ប្រឈម​បទល្មើស​តូចតាច និង​អ្នកមាន​អាកប្បកិរិយា​ល្អ​ឡើងវិញ​។ លោក​បន្ថែមថា​ចំនួន​អ្នកទោស​ដែល​ត្រូវបាន​ព្យួរទោស​ក្នុងអំឡុងពេល​នេះ មាន​ច្រើនជាង​ទ្វេដង​នៃ​អត្រា​ដោះលែង​ធម្មតា​។ តាម​ប្រភពពី​នាយកដ្ឋាន​បានឲ្យដឹង​ដែរថា អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​នោះ ពុំមែន​ជា​អ្នកទោស​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ធ្ងន់ធ្ង​រ​ទេ​។​

​ចន្លោះ​ពី​ខែតុលា​ឆ្នាំ​២០១៩​ដល់​ខែ​មីនាឆ្នាំ​២០២០ អ្នកទោស​ចំនួន​៧,៨៩០​នាក់​ហើយ​ត្រូវ​បានផ្ដល់​ការព្យួរទោស​។ អនុប្រធាននាយកដ្ឋាន​កែប្រែ​នៃ​ប្រទេស​ថៃ​លោក​Prawut Wongsrinil​បាន​បញ្ជាក់ថា អ្នកទោស​ទាំងនោះ​ត្រូវបាន​ដោះលែង​ជា​ពីរ​ក្រុម​ក្នុង​មួយខែ​។ សម្រាប់​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង ត្រូវ​រាយការណ៍​ពី​សុខភាព​របស់​ពួកគេ​ទៅកាន់​មន្ដ្រី​ខេត្ដ រៀងរាល់​បី​ខែម្ដង​សម្រាប់​អ្នក​ចាស់ជរា និង​មួយ​ខែម្ដង​សម្រាប់​អ្នកទោស​វ័យក្មេង ។​

​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​ថៃ​បច្ចុប្បន្ន កំពុង​អនុវត្ដ​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩ ក្នុងនោះ​មាន​ការបង្កើន​អនាម័យ​កាន់តែ​ខ្ពស់ជាង​មុន ហើយ​មន្ដ្រី​ពន្ធនាគារ​កំពុង​ឃ្លាំមើល​ជាប់​ជានិច្ច​ចំពោះ​អ្នកទោស​ណា​ដែល​ធ្លាក់ខ្លួន​ឈឺ​។ ពន្ធនាគារ​មួយចំនួន​ក៏បាន​ធ្វើតេស្ដ​ទៅលើ​អ្នកទោស​ដែលមាន​ជំងឺ​រួចហើយ ដើម្បី​បញ្ជាក់ថា​មាន​ឬ​គ្មាន​ឆ្លង​វីរុស​កូវី​ដ​-១៩​។ គិត​តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ពុំមាន​អ្នកទោស​ឆ្លងកូវី​ដ​-១៩​នោះទេ ខណៈដែល​អ្នកទោស​ពីរ​នាក់​និង​មន្ដ្រី​ពន្ធនាគារ​ម្នាក់​ដែល​ឆ្លង កំពុង​ស្ថិតក្រោម​ការព្យាបាល​ពី​គ្រូពេទ្យ ប៉ុន្ដែ​គ្មាន​ការបញ្ជាក់​ទេ​ថា​ពួកគេ​មកពី​ពន្ធនាគារ​មួយណា​។​

​សូមជម្រាបថា ចំនួន​អ្នកស្លាប់​ដោយសារកូ​វីដ​-១៩​ក្នុងប្រទេស​ថៃ​គិត​ត្រឹម​ពេលនេះ​មាន​ជាង​៤០​នាក់ និង​ឆ្លង​ជាង​២,៦០០​នាក់​ហើយ​។ ចំណែក​អ្នកជំងឺ​ជាសះស្បើយ​ជាង​១​ពាន់​នាក់ កំពុង​សម្រាក​ព្យាបាល​ជាង​១​ពាន់​នាក់ និង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​៦០​នាក់​៕​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ថៃព្យួរទោសកូវីដ១៩

ព័ត៌មានផ្សេងទៀត