រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ខេត្ត​តាកែវ​ប្រមូល​ទិញស្រូវ​ឲ្យអស់​ពី​លទ្ធភាព​

13-04-2020 3:59 pm 658

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​រួម​ដំណើរ​ជាមួយ​ដោយ​លោក​អ៊ូច ភា អភិបាល​នៃ​គណ​អភិបាលខេត្ត​តាកែវ លោក​ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម សហការី និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម (​ឡ​សម្ងួត ឃ្លាំង​ស្តុក ម៉ាស៊ីន​កិន វេច​ខ្ចប់ និង​មន្ទីរពិសោធន៍​) ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ហ្គោ​ដិន​ដូនកែ​វ នៅ​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ នេះ​បើ​យោង​ទៅ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​បើ​តាម​លោក ថៃ វី​ឡុង អ្នកគ្រប់គ្រង​ទូទៅ​រោង​ម៉ាស៊ីនកិនស្រូវ​ហ្គោ​ដិន​ដូនកែ​វ បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ​គ្រប់​ប្រភេទ​បាន​ចំនួន ៩៦,៣៨៦​តោន និង​ឆ្នាំ​២០២០ នេះ​បាន ៦៥,៣៧៥ តោន​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៩ នាំ​ចេញ​បាន ៤០,១៧៥​តោន និង​៣​ខែ​ដើមឆ្នាំ​២០២០ នាំ​ចេញ​បាន ២៤,៤២៨​តោន ហើយ​ភាគច្រើន​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​។ លោក​បន្ថែមថា បច្ចុប្បន្ន​រោង​កិនស្រូវ​របស់លោក មាន​ឡ​សម្ងួត​ចំនួន ៣​អាច​សម្ងួ​តស្រូវបាន ៥៥០​តោន​ក្នុង ១​ថ្ងៃ និង​មាន​ស្រូវ​ស្តុក​ទុក​ចំនួន ៧​ពាន់​តោន រង់ចាំ​កិន និង​នាំចេញ​តាម​ការបញ្ជា​ទិញ ពី​ខាងក្រៅ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​នៅ​ជួប​​បញ្ហា​ប្រឈម​នឹង​ការប្រគួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង ទាក់ទង​ទៅនឹង​តម្លៃ​ភ្លើង និង​ការដឹកជញ្ជូន ដែល​នៅ​មាន​តម្លៃ​ខ្ពស់​នៅឡើយ​។ 

​យ៉ាងណាមិញ​បន្ទាប់ពី​បាន​ជ្រាប​របាយការណ៍ លោក​រដ្ឋមន្ត្រី​បាន​ផ្ញើ​ក្តីសង្ឃឹម និង​ជឿជាក់​លើ​រោង​ម៉ាស៊ីន​ថា​នឹង​បន្ត​ចូលរួម​សហការ​ឲ្យបាន​ល្អ​ដើម្បី​ជួយ​ជំរុញ​ការនាំចេញ​អង្ករ​ឲ្យទទួល​បាន​ជោគជ័យ​តាម​គោលដៅ​រំពឹងទុក និង​ជា​ពិសេស​ចូលរួម​សហការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាលហាមនាំ​ចេញ​អង្ករស បាន​ពេញលេញ​។ មួយវិញទៀត រោង​ម៉ាស៊ីនកិនស្រូវ​ទូទាំង​ខេត្ត​តាកែវ​ត្រូវ​ជួយ​ទិញ​ប្រមូលស្រូវ​ពី​ប្រជា​កសិករ​យកមក​ស្តុក​ទុក​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​ដោះស្រាយ​ទីផ្សារ​ស្រូវ​របស់​ពួកគាត់ និង​ជួយ​ធានា​នូវ​បរិមាណ​ស្តុក​ស្រូវ ក្នុងការ​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​រយ​:​ពេល​វែង​។​

​គួរបញ្ជាក់​ថា បើ​តាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ កន្លងមក​កម្ពុជា​ទទួល​បាន​ទិន្នផល​ស្រូវ​ប្រមាណ​ជាង ១,០៨៨ លាន​តោន ក្នុងនោះ​ស្រូវវស្សា​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៨,២៦៩,៣៣៣​តោន និង​ស្រូវប្រាំង​ចំនួន ២,៦១៦,២៤១​តោន​។ ដោយឡែក​ក្នុង​ខេត្តតាកែវ មាន​បរិមាណ​ស្រូវ​សរុប​ទាំង​វស្សា និង​ប្រាំង​មាន​ចំនួន ១,២០៨,៦៤០​តោន ហើយ​មកទល់ពេលនេះ​នៅសល់​ផ្ទៃដី​ស្រែប្រាំង​ចំនួន ៤​ពាន់​ហិច​តា​ទៀត​មិនទាន់​បាន​ប្រមូល​ផល គិត​ជា​បរិមាណ​ស្រូវ​ប្រមាណ ១៦,០០០​​តោន​ទៀត​៕

ព័ត៌មានផ្សេងទៀត