ការស្ទង់មតិ​៖​​ពលរដ្ឋ​ថៃ​​ភាគច្រើន​​គ្មាន​ទំនុកចិត្ដ​​លើ​រដ្ឋាភិបា​ល​​ក្នុង​ការទប់ស្កាត់​កូ​វីដ​-១៩

12-04-2020 11:17 am 428

​ពលរដ្ឋ​ភាគច្រើន​នៅក្នុង​ប្រទេស​ថៃ កំពុង​បារម្ភ​ពី​ការ​រាតត្បាត​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ និង​គ្មាន​ទំនុកចិត្ដ​លើ​ការដោះស្រា​យ​ស្ថានការណ៍​ប្រឈម​របស់​រដ្ឋាភិបាល​ឡើយ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​មួយ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​Suan Dusit Rajabhat ឬ Suan Dusit Poll​។ ការស្ទង់មតិ​ធ្វើឡើង​អន​ឡាញ​កាលពី​ថ្ងៃទី​០៧-១០​មេសា ទៅលើ​មនុស្ស​២,៩៧០​នាក់​ទូទាំងប្រទេស​។ លទ្ធផល​ទទួលបាន​គឺ​៨៩.៣០​ភាគរយ​និយាយថា ពួកគេ​បារម្ភ​ពី​ស្ថានភាព​ចំពោះមុខ​ណាស់ ខណៈ​១០.៧០​ភាគរយ​និយាយ​ផ្ទុយ​ពីនេះ​។​

​ទាក់ទង​នឹង​ទំនុកចិត្ដ​របស់​ពួកគេ​លើ​សមត្ថភាព​រាជរដ្ឋាភិបា​ល​ថៃ ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ មាន​៥៨.៧៥​ភាគរយ​គ្មាន​ទំនុកចិត្ដ និង​២២.៦៦​ភាគរយ​គ្មាន​ទំនុកចិត្ដ​ទាល់តែសោះ​។ ចំណែក​៣៣.០៧​ភាគរយ​និយាយថា​ពួកគេ​ទុកចិត្ដ​លើ​រដ្ឋាភិបាល និង​៨.១៨ភាគរយ​ទុក​ចិត្ដខ្លាំង​។ 

​នៅពេល​សួរឲ្យ​គូសបញ្ជាក់នូវ​អ្វីដែល​ធ្វើឲ្យ​ពួកគេ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ក្នុង​ពេលនេះ ៨៧.៦៨​ភាគរយ​ចង្អុលបង្ហាញ​ពី​ការដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ប្រឈម​។ ៨៦.៧១​ភាគរយ​លើកឡើង​ពី​ការងារ​របស់​បុគ្គលិក​សុខាភិបាល ៨៥.១១​ភាគរយ​និយាយ​ពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល ៧៧.១៤​ភាគរយ​លើកឡើង​ពី​ការចំណាយ​ប្រចាំថ្ងៃ ៧៦.៥៩​ភាគរយ​លើកឡើង​ពី​ការងារ​របស់​ពួកគេ ៧៦.៣២​ភាគរយ​ចង្អុលបង្ហាញ​ពី​ការធ្វើដំណើរ ៧៤.៣២​ភាគរយ​និយាយ​ពី​ការទិញ​របស់រ​បរ​សម្រាប់កា​រពារខ្លួន ដូចជា​ជែល​លាងដៃ ម៉ាស់ និង​ក្រដាស់អនាម័យ​ជាដើម ៧៣.២៣​ភាគរយ​លើកឡើង​ពី​បំណុល និង​៧១.៦៤​ភាគរយ​និយាយ​ពីស្បៀង​អាហារ​ដែល​អាច​រកបា​ន​។​

​នៅពេល​សួរថា​តើ​ពួកគេ​ចង់ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ៨៧.១០​ភាគរយ​ចង់​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩ ខណៈ​៧១.៣៨​ភាគរយ​ចង់ឲ្យមាន​ការគ្រប់គ្រ​ង​លើត​ម្លៃទំនិញ​។ ក្រៅពីនេះ​៦៨.២២​ភាគរយ​ស្នើឲ្យ​ពង្រី​កការ​ធ្វើតេស្ដរ​ក​អ្នកឆ្លង ៦៥.៤៩​ភាគរយ​ស្នើឲ្យ​កាត់បន្ថយ​តម្លៃទឹក​និង​អគ្គិសនី ឬក៏​ផ្ដល់ឲ្យ​ប្រើប្រាស់​ទឹក ភ្លើង​ដោយ​មិន​គិតថ្លៃ​តែម្ដង​។ ៦៣.៩១​ភាគរយ​ស្នើឲ្យ​ផ្អាក​ការ​សងបំណុល​បណ្ដោះអា​សន្ន ៥៩.៨០​ភាគរយ​ស្នើឲ្យ​ជួយ​ដល់​អ្នកមាន​ប្រាក់ចំណូ​ល​ទាប ៥៨.២៥​ភាគរយ​ស្នើឲ្យ​ផ្ដល់សំណង​ដល់​អ្នកគ្មា​ន​ការងារ​ធ្វើ ឬ​ប្រជាជន​ដែល​ត្រូវ​ឈប់​ពី​ការងារ​។ 

​ចំណែក​៤៥.៩៣​ភាគរយ​ស្នើឲ្យ​កាត់​បន្ថយពន្ធ ៤៤.៤៤​ភាគរយ​ស្នើឲ្យ​ផ្ដល់​ប្រាក់កម្ចី​ការប្រាក់​ទាប​ឬ​បន្ថយ​អត្រា​ការប្រាក់ និង​៣០.៨៨​ភាគរយ​ស្នើឲ្យ​ធានា​លើ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​តម្លាភាព​នៃ​វិធានការ​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នេះ​។ សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ​ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ចំនួន​ជាង​២​ពាន់​នាក់ អ្នកស្លាប់​៣០​នាក់ និង​ជាសះស្បើយ​ជាង​១​ពាន់​នាក់​៕​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ថៃកូវីដ១៩

ព័ត៌មានផ្សេងទៀត