ក្រសួងកសិកម្មចេញវិធានការបន្ទាន់ដោះស្រាយបញ្ហាធ្លាក់ចុះផលិតផលស្វាយ

11-04-2020 11:48 am 475

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំ៥ ចំណុចស្តីពីវិធានការបន្ទាន់ដើម្បី ដោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ស្របពេលដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជំងឺ នេះមិនត្រឹមតែបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានផលប៉ះ ពាល់ដោយផ្ទាល់ ឬប្រយោលចំពោះសេដ្ឋកិច្ចជាតិ ជាពិសេសការប្រែប្រួលតម្លៃលើទីផ្សារផលិតផល កសិកម្ម។

ដើម្បីដោះស្រាយបញ្ហាខាងលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់អគ្គនា យកដ្ឋានកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត ឲ្យអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

១- មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ត្រូវសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហ កម្ម ដើម្បីជំរុញកសិករឲ្យចងក្រងជាក្រុមផលិត និងសហគមន៍ ដោយត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បី ងាយស្រួលរៀបចំផែនការផលិតកម្មស្វាយជាលក្ខណៈប្រមូលផ្តុំបណ្តុះបណ្តាលបច្ចេកទេសស្របតាម ស្តង់ដារ និងការផ្សារភ្ជាប់ទីផ្សារ តាមរយៈការចុះកិច្ចសន្យាទិញលក់។

២- ត្រូវជំរុញផ្សព្វផ្សាយការប្រើប្រាស់បណ្តាញព័ត៌មានទីផ្សារផលិតផលកសិកម្ម តាមបច្ចេកទេស ទំនើប ដល់កសិកររួមទាំងការដាំដុះ បច្ចេកទេសក្រោយប្រមូលផល និងការស្តុកទុករយៈពេលវែង។

៣- ត្រូវជំរុញលើកទឹកចិត្តដល់ការកែច្នៃផលិតផលស្រស់ជាលក្ខណៈគ្រួសារឲ្យទៅជាដំណាប់ និងទឹក សេរ៉ូស្វាយដើម្បីលក់ក្នុងស្រុក។

៤- អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើការទំនាក់ទំនង និងចរចារក្នុងក្របខ័ណ្ឌបច្ចេកទេសអំពីបញ្ហាពាក់ព័ន្ធ របាំងបច្ចេកទេសស្តីពីភូតគាមអនាម័យ និងរបាំងផ្សេងៗទៀតក្នុងការជំរុញឲ្យផលិតផលស្វាយបាននាំ ចេញទាន់ពេលវេលា។

៥- អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត ត្រូវធ្វើការសិក្សាអំពី ថ្លៃដើមក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ រួចរាយការណ៍ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញវិធានការសមស្រប៕ 

ព័ត៌មានផ្សេងទៀត