អាជ្ញាធរ​ក្រុង​​បាងកក​​ហាម​លក់​​គ្រឿង​ស្រវឹង​​១០​ថ្ងៃ​​ទប់ស្កាត់​​ការ​ឆ្លងកូវី​ដ​-១៩

09-04-2020 10:28 pm 285

​អាជ្ញាធរ​ក្នុង​ទីក្រុង​បាងកក​បានចេញ​បម្រាម ហាមឃាត់​រាល់​ការលក់​គ្រឿង​ស្រវឹង​រយៈពេល​១០​ថ្ងៃ ដើម្បី​ជួយ​ទប់ស្កាត់​ការជួបជុំ​ដែល​អាច​បង្ក​ការឆ្លង​រាតត្បាត​កាន់តែខ្លាំង​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Bangkok post បម្រាម​នេះ​នឹង​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព ពី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​មេសា ហើយ​នេះ​ក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយទៀត​នៃ​តំបន់​ប្រជុំជន ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លងកូវី​ដ​-១៩​។​

​ពេល​នេះ​មនុស្ស​ប្រមាណ​១៦​លាន​នាក់ ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យប្រើ​គ្រឿង​ស្រវឹង ខណៈ​ដែល​ពលរដ្ឋ​មួយចំនួន​ទៀត​រស់នៅក្នុង​ខេត្ដ​ទាំង​៧៧​របស់​ថៃ ក៏​រង​នូវ​ការហាមឃាត់​ដូចគ្នា​ដែរ​។ សរុប​ប្រមាណ​មួយ​ភាគ​បួន​នៃ​ប្រជាជន​ថៃ​៦៩​លាន​នាក់ បាន​ស្ថិតក្រោម​បម្រាម​មិនឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ 

​អ្វី​ជា​ការកត់សម្គាល់​ក្រោយពី​មាន​ការប្រកាស​ដូច្នេះ មាន​មនុស្ស​ជាច្រើន​តម្រង់​ជួរ​គ្នា​នៅ​តាម​ហាង ឬ​ផ្សារ​នានា​ក្នុង​ទីក្រុង​បាងកក ដើម្បី​រង់ចាំ​ទិញ​ស្រា​ឬ​ស្រា​បៀរ​ទុក មុន​ពេល​ការហាមឃាត់​ចូល​ជា​ធរមាន​។ តាម​ការបញ្ជាក់​ពី​អ្នកទិញ​ម្នាក់​ឲ្យដឹងថា លោក​មិន​ដឹង​បម្រាម​នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទេ ដូច្នេះ​លោក​បាន​ទិញ​ស្រា​ទុក​យ៉ាងច្រើន ក្នុងករណី​ដែល​ត្រូវ​ពន្យារ​ពេល​បន្ថែម​។​

​សូមបញ្ជាក់​ថា ប្រទេស​ថៃ​ទាំងមូល​កំពុង​ស្ថិត​ក្រោម​ស្ថានភាព​អាសន្ន និង​បាន​បិទ​ផ្នែក​ខ្លះ​នៅក្នុង​ខែ​មេសា​នេះ​។ ជា​ការរួមចំណែក​ទប់​ស្កាត់​ការឆ្លង​រាលដាល អាជ្ញាធរ​ថៃ​ក៏​ព្យាយាម​ណែនាំ​ឲ្យ​ពលរដ្ឋ​អនុវត្ដ​គម្លាត​សុវត្ថិភាព​។ គិត​ត្រឹម​យប់​ថ្ងៃទី​០៩​ខែ​មេសា​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លងកូវី​ដ​-១៩​ជាង​២,៤០០​ករណី​និង​ស្លាប់​៣២​នាក់​៕ ដោយ៖ពេញ ផេង

 

ព័ត៌មានផ្សេងទៀត