រដ្ឋាភិបាល​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយរយៈពេល​៧​ថ្ងៃ​

09-04-2020 4:47 pm 6085

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​បិទ​ការធ្វើដំណើរ​ក្នុងប្រទេស រួម​មាន​ការធ្វើ​ដំណើរ​ចេញ​-​ចូល រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​។ បទបញ្ជា​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០៩ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០​។​

​នេះ​បើ​យោង​តាម​បទបញ្ជា របស់​រដ្ឋាភិបាល ស្តី​ពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់ ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា​នេះ​។

បទបញ្ជា បានឲ្យដឹងថា ការហាមឃាត់​នេះ ត្រូវបាន​លើកលែង​ចំពោះ​

-​ ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក 

-​ ​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំនើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ការងារ​របស់​ខ្លួន 

-​ ​រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​

-​ ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន 

-​ ​រថយន្ត​ពន្លត់​អគ្គីភ័យ​

-​ ​រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​

-​ ​ការដឹកជញ្ជូន​កម្មក​រ​ទៅ​កាន់​ទីកន្លែង​ការងារ នៅ​តាម​រោងចក្រ​សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

   

ព័ត៌មានផ្សេងទៀត