កូវី​ដ​១៩​ផ្ដាច់​ជីវិត​មនុស្ស​នៅ​ថៃ​៣២​នាក់​និង​ឆ្លង​កើន​ដល់​២,៤២៣​នាក់​

09-04-2020 3:02 pm 653

​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ បានបញ្ជាក់​ថា រក​ឃើញ​អ្នក​ស្លាប់​ថ្មី​០២​នាក់​បន្ថែមទៀត​ហើយ និង​អ្នក​ឆ្លង​ថ្មីៗ​៥៤​នាក់​បន្ថែម នាំ​ឲ្យ​អ្នក​ស្លាប់ស​រុប​កើន​ដល់ ៣២​នាក់ និង​អ្នក​ឆ្លង​សរុប​កើន​ដល់ ២,៤២៣​នាក់​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ចេញពី​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០​។​

​លោក​Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ថៃ បានឲ្យថា អ្នក​ស្លាប់​ទាំង​០២​នាក់​ថ្មីៗ​នេះ ម្នាក់​ជា​បុរស​ជនជាតិ​ថៃ អាយុ​៨២​ឆ្នាំ និង​ម្នាក់​ជា​បុរស​ជនជាតិ​បារាំង អាយុ​៧៤​ឆ្នាំ​។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ទាំងអស់ ក៏​មាន​បុគ្គលិក​ពេទ្យ​ប្រមាណ ៨០​នាក់​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​ដែរ​។​

​គួរ​ជម្រាប​ថា ករណី​ឆ្លង​សរុប​ទាំង ២,៤២៣​នាក់ មាន​នៅ​ខេត្ត​-​ក្រុង ដូចជា ក្រុង​បាងកក​(១,២៤២​ករណី​) ខេត្ត​ភូ​កេត​(១៦១​ករណី​)  ខេត្ត​ណុន​ថា​ប៊ូ​រី​(១៤២​ករណី​) ខេត្ត​សាមុត​ប្រា​កាន​(១០៣​ករណី​) ឈុន​បូរ៊ី​(៧៣​ករណី​) ខេត្ត​យ៉ាឡា​(៧០​ករណី​) ខេត្ត​ប៉ា​តា​នី​(៦៦​ករណី​) ខេត្ត​សុង​ក្លា​(៤៧​ករណី​) ខេត្ត​ឈៀង​ម៉ៃ​(៤៥​ករណី​) និង​ខេត្ត​ប៉ា​ធុម​ថា​នី​(៣០​ករណី​)៕

ព័ត៌មានផ្សេងទៀត