ថៃ​៖​កូវី​ដ​១៩​សម្លាប់​មនុស្ស​៣០​នាក់​ហើយ​និង​ឆ្លង​សរុប​២,៣៦៩​នាក់​

08-04-2020 5:10 pm 215

​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​ពុធ​ទី​០៨​មេសា​នេះ បញ្ជាក់ថា​វីរុស​កូវី​ដ​១៩​បាន​ផ្ដាច់​ជីវិត​មនុស្ស​៣​នាក់​បន្ថែមទៀត​ហើយ ដែល​នាំឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៣០​នាក់​ហើយ​។ ជាមួយគ្នា​នោះ​ដែរ​ថៃ ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន ១១១​នាក់​បន្ថែមទៀត ធ្វើឲ្យ​ស្ថិតិ​អ្នក​ឆ្លងស​រុប​កើន​ដល់ ២,៣៦៩​នាក់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២០​។​

​លោក​វេជ្ជបណ្ឌិត​Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ថៃ បានឲ្យដឹងថា អ្នកស្លាប់​ថ្មីៗ​ទាំង​៣​នាក់ រួមមាន ទី​១​ជា​បុរស​ជនជាតិ​រុស្ស៊ី អាយុ​៤៨​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​លេង​ខេត្ត​ភូ​កេត ចន្លោះ​ថ្ងៃ​១៨-២១​មីនា និង​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​០៥​មេសា​។ ទី​២ ជា​បុរស​ជនជាតិ​ឥណ្ឌា អាយុ​៦៩​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​០៧​មេសា និង​ទី​៣ ជា​បុរស​ជនជាតិ​អាមេរិក អាយុ​៦៩​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​០៧​មេសា​។​

​សូមបញ្ជាក់​ថា អ្នក​ឆ្លង​វីរុស​កូវី​ដស​រុប​ទាំង ២,៣៦៩​នាក់ មាន​នៅក្នុង​ខេត្ត​ក្រុង​ដូចជា បាងកក​(១,២២៣​នាក់​) ណុន​ថា​ក់​បូរ៊ី​(១៤១​នាក់​) ភូ​កេត​(១៤០​នាក់​) សាមុត​ប្រា​កាន​(១០២​នាក់​) ឈុន​បូរ៊ី​(៧០​នាក់​) យ៉ាឡា​(៦៨​នាក់​) ប៉ា​តានី​(៥៥​នាក់​) សុង​ក្លា​(៤៧​នាក់​) ឈាង​ម៉ៃ​(៣៩​នាក់​) និង​ប៉ា​ធុម​ថា​នី​(២៧​នាក់​)​។ តែ​នៅក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​នេះ​ដែរ មាន​មនុស្ស ៨៨៨​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត