លោកប្រាក់សុខុននឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្ដីពីកូវីដ-១៩

08-04-2020 3:33 pm 221

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៨ ខែមេសានេះ បានឲ្យដឹង ថា ស្របតាមគំនិតផ្ដួចផ្ដើមរបស់ប្រទេសវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០នេះ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការឯកភាពពីរដ្ឋមន្រ្ដីក្រសួងការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ(Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្ដីក្រសួងការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីវិធានការឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងវិញយ៉ាងឆាប់រហ័សនៃវីរុសកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ជាជំហានមួយយ៉ាងសំខាន់ សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយវីរុសកូវីដ-១៩ និងដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ៕ 

ព័ត៌មានផ្សេងទៀត