ក្រោយ​លោក​ត្រាំ​គំរាម ឥណ្ឌា​សម្រេច​បន្ត​នាំចេញ​ថ្នាំ​មាន​សក្កា​នុព​ល​ប្រឆាំង​វីរុស​កូរ៉ូណា​

07-04-2020 5:36 pm 569

​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែមេសា​នេះ បានប្រកាស​បន្ធូរបន្ថយ លើ​បម្រាម​ហាមឃាត់​ការនាំចេញ​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​គំរាម​។ ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​នៅក្នុង​ការព្យាបាល​អ្នកជំងឺ​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​១៩​។

​ដោយ​លើកឡើង​ពី​តម្រូវការ​ក្នុងស្រុក ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍ បាន​ហាមឃាត់​ការនាំចេញ​នូវ​ប្រភេទ​ថ្នាំ Hydroxychloroquine ដែល​តាម​ការសិក្សា​ខ្នាតតូច​នៅ​បារាំង​និង​ចិន បង្ហាញថា​ថ្នាំ​នេះ​មាន​សក្តានុពល ព្យាបាល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​។ ក្រោយ​ឥណ្ឌា​ចេញ​បម្រាម​នេះ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នៅ​ចុង​សប្តាហ៍​កន្លងទៅ បានដាក់​សម្ពាធ​លើ​លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា ឲ្យ​ដោះ​បម្រាម​ដែល​ទើបនឹង​ដាក់​ថ្មីៗ​នោះ​ចេញ និង​ពន្លឿន​ដល់​ការនាំចេញ​ថ្នាំ ដោយ​ព្រមាន​ពី​ផល​លំបាក​ដែល​ឥណ្ឌា​នឹង​ជួបប្រទះ​។ 

​ក្រោយ​ទទួល​សញ្ញា​អាសន្ន​ព្រមាន​ពី​លោក​ត្រាំ ឥណ្ឌា​តាមរយៈ​ក្រសួងការបរទេស បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ថា នឹង​ផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ​ថ្នាំ​ក្នុង​បរិមាណ​សមស្រប​ទៅកាន់​ប្រទេសជិតខាង ដោយ​អាស្រ័យ​លើ​សមត្ថភាព​របស់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​លោក Anurag Srivastava និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​ក៏​នឹង​ផ្គត់ផ្គង់​ថ្នាំ​ចាំបាច់​ទាំងនេះ ដល់​ប្រទេស​មួយចំនួន ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​ជំងឺ​រាតត្បាត​»​។​

​អាមេរិក​បាន​ប្រើប្រាស់​ថ្នាំ Hydroxychloroquine ដើម្បី​ព្យាបាល​អ្នក​ផ្ទុក​វីរុស​វីរុស​កូរ៉ូណា ទោះបីជា​អ្នកវិទ្យាសាស្ត្រ​ជាច្រើន ជំរុញឲ្យមាន​ការប្រុង​ប្រយ័ត្ន ព្រោះ​មិនទាន់មាន​ការអនុញ្ញាត​ជា​ផ្លូវការ ឲ្យប្រើ​ប្រា​ស់ថ្នាំ​ប្រភេទ​នេះ ព្យាបាល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​នៅឡើយ​ទេ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ឲ្យ​រងចាំ​រហូតដល់​ការសាកល្បង​ធំៗ​បង្ហាញថា មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព នៅក្នុង​ការប្រើប្រាស់​សិន​។ ថ្នាំ Hydroxychloroquine និង​ថ្នាំ​មួយ​ប្រភេទ​ទៀត​ឈ្មោះ Chloroquine ត្រូវបាន​ប្រើ​អស់​ជាច្រើន​ទសវត្ស ដើម្បី​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ុន្តែ​វា​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាពិសេស​បើ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ឬ​ប្រើ​ជាមួយ​ថ្នាំ​ដទៃទៀត​។​

យ៉ាងណាក៏ដោយ នៅពេល ពិភពលោក​ដែល​មិនទាន់មាន​ថ្នាំ​ជាក់លាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា ហើយ​មនុស្ស​រាប់សែន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា ប្រទេស​មួយចំនួន បានសម្រេច​ប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​មក​ដោះ​ទាល់​សិន​។ ក្រៅពី​អាមេរិក ឥណ្ឌា​បាន​រង​នូវ​សម្ពាធ​ពី​ប្រទេស​ធំៗ​ផ្សេងទៀត​ជំរុញ​ឲ្យ​នាំចេញ​ថ្នាំ​នេះ ដូចជា​អូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់​និង​ប្រេ​ស៊ីល​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​កាសែត Times of India​។​

​គួរ​ជម្រាបជូន​ដែរថា បើ​យោងទៅតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​CNA​ឲ្យដឹងថា ឥណ្ឌា​គឺជា​ប្រទេស​ផលិត​និង​នាំចេញ​ថ្នាំពេទ្យ ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត